(កោះកុង)៖ ពលករខ្មែរចំនួន៣៤នាក់ដែលទើបវិលត្រឡប់ចេញពីប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។
ពលករទាំង៣៤រូប ដែលមានស្ត្រី ១២នាក់ ដោយ៣២នាក់ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ផ្នែកកសិកម្ម ។
ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធបានធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលមកស្រុកកំណើតវិញ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕