(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺផ្តាសាយបក្សី ចំនួន២នាក់ទៀត។
បើតាមក្រសួងសុខាភិបាល ការចុះអង្កេតស្រាវជ្រាវសកម្ម ដើម្បីស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្ត សៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ៤១ឆ្នាំ មានវិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌មានកាល ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ០២ករណីទៀត កើតលើស្ត្រី អាយុ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ១៦ឆ្នាំ ដែលត្រូវជាម្តាយនិងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
ធ្វើឱ្យអ្នកឆ្លងជំងឺផ្តាសាយបក្សី នៅឆ្នាំ២០២៥ សរុប១០ករណី ទាំងពីរនេះ មានទីលំនៅចំងាយប្រមាណ២០ម៉ែត្រពីផ្ទះអ្នកជំងឺអាយុ៤១ឆ្នាំ។
បច្ចុប្បន្នស្ថានភាព សុខភាព ករណីអ្នកជំងឺទាំងពីរ ស្ថិតក្នុងស្ថេរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាមីហ្គូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់។
តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ ផ្ទះអ្នកជិតខាង និងនៅ ក្នុងភូមិ មានមាន់ទាឈឺនិងងាប់ អ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ រួចយកមកធ្វើម្ហូបទទួលទាន៕