(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជាស៊ីមកំចាយមារ។
ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះមានការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃ។
សម្តេចតេជោ ក៏បានកោតសរសើរ និងអរគុណចំពោះកងម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍នៅខេត្តព្រៃវែងតាំងពីដើមរហូតមកដល់សព្វថ្ងៃ។
សម្តេចតេជោ ថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងហួសជាង ១០ពាន់លានដុល្លារអាមេរិកហើយ។
ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដុំប្រសងគ្នា។
សម្ដេចតេជោ បានរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោ ថ្លែងថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំង២។
សម្តេចតេជោ មានប្រសាសន៍ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម កម្ពុជា-វៀតណាម បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដានេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ។
សម្តេចតេជោ សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលបានជិះទូកមិនពុលរលកសោះបែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈវីដេអូឃ្លីបពីជននេះផ្ញើមកសម្តេចនោះក្នុងគោលបំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។
សម្តេចតេជោ ប្រាប់ទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។
សម្តេចតេជោ បញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។
កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ។
សម្តេចតេជោ ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី និងអ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះគឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។
សម្តេចតេជោ ផ្តាំជាថ្មីម្តងទៀតទៅគ្រប់បណ្តាស្ថានីយ៍ទូរទស្សន៍ខ្មែរទាំងអស់ចាប់ពីពេលនេះតទៅ គប្បីបញ្ឈប់ការចាក់បញ្ចាំងរឿងថៃបន្តទៀត។ សម្តេចបានបញ្ជាក់ថា អារឿងថៃហ្នឹងគប្បីបញ្ឈប់បានបញ្ឈប់ទៅ៕