ប្រសាសន៍សម្ដេចតេជោ ក្នុងពេលសំណេះសំណាលជាមួយ​សិស្ស និស្សិត នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីម កំចាយមារ!

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ។
ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈ​មណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល​ ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈ​មណ្ឌល​នេះ​មាន​ការ​រីក​ចម្រើន​ និងបន្តនិរន្តរភាព​រហូតដល់សព្វថ្ងៃ។

សម្តេចតេជោ ក៏បានកោតសរសើរ និងអរគុណចំពោះកងម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រៃវែង​តាំង​ពី​ដើម​រហូតមកដល់សព្វថ្ងៃ។

សម្តេចតេជោ ថ្លែង​ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​គឺ​បាន​ឡើង​ហួស​ជាង​ ១០ពាន់លានដុល្លារអាមេរិកហើយ។
ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរ​នេះ​មាន​លក្ខណៈ​ប្រដុំ​ប្រសងគ្នា។

សម្ដេចតេជោ បានរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការ​នូវ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំ​ពាណិជ្ជក​ម្ម​ទ្វេភាគី​រវាង​កម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចតេជោ ថ្លែងថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹង​ទទួល​បាន​ផលប្រយោជន៍​ដល់ប្រទេស និងប្រជាជននៃប្រទេសទាំង២។

សម្តេចតេជោ មានប្រសាសន៍ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម កម្ពុជា-វៀតណាម បាន​ប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជា​ព្រំដែន​សម្រាប់​ទីផ្សារ​ដោះ​ដូរ​ទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៃប្រទេសទាំងពីរ។

សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដានេះ រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដកសញ្ជាតិ​ខ្មែរ​ ចំពោះបុគ្គលណា ដែល​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​ឯងហើយ។

សម្តេចតេជោ សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែល​បាន​ជិះ​ទូក​មិន​ពុល​រលក​សោះ​បែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈ​វីដេអូ​ឃ្លីប​ពី​ជន​នេះ​ផ្ញើ​មក​សម្តេច​នោះ​ក្នុង​គោល​បំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។

សម្តេចតេជោ ប្រាប់ទៅភាគីថៃជាថ្មីម្តងទៀត​ថា គ្មាន​ការ​ចរចា​ទ្វេភាគី​ជា​ដាច់​ខាត​ក្នុង​ករណី​ព្រំដែន​រវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជា​ដើម្បី​ធ្វើ​ការ​បើក​ច្រក​ឡើង​វិញនោះ។

សម្តេច​តេជោ បញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធ​នឹង​ការ​បើក​ព្រំដែន តែ​សូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបាន​បើក​ដំណើរ​ការ​ធម្មតា​វិញ​ហើយ។
កម្ពុជា​ត្រូវការ​តែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយ​មិន​បាច់​មក​តាម​ញ៉ែ​ដើម្បី​ការ​ចរចា​ណាទៀតទេ។

សម្តេចតេជោ ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ​ឈប់​ទិញ​ដាច់​ខាត​ចំពោះ​អគ្គិសនី និងអ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាស​សម្តេច​បែប​នេះ​គឺ​ដើម្បី​បង្ការ​នា​ពេលខាងមុខ​មានបញ្ហា​ជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

សម្តេចតេជោ ផ្តាំជាថ្មីម្តងទៀត​ទៅ​គ្រប់​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​ខ្មែរ​ទាំង​អស់​ចាប់​ពី​ពេល​នេះ​តទៅ គប្បីបញ្ឈប់ការចាក់បញ្ចាំង​រឿងថៃបន្តទៀត។ សម្តេច​បាន​បញ្ជាក់​ថា​ អា​រឿង​ថៃ​ហ្នឹង​គប្បី​បញ្ឈប់​បាន​បញ្ឈប់ទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *