(ភ្នំពេញ)៖ ជម្លោះក្នុងគ្រួសារ រវាងប្តីនិងប្រពន្ធ ដោយម្នាក់កាន់កាំបិត ម្នាក់ទៀតកាន់ខ្ទះធ្វើម្ហូប ខណៈនោះបុរសសន្តិសុខចូលទៅឃាត់ ស្រាប់តែត្រូវគេវាយក្បាលមួយខ្ទះបណ្ដាលឱ្យរងរបួស..!។
ហេតុការណ៍នេះ បានកើតឡើង នៅម្តុំអតីតផ្លូវរថភ្លើង ក្នុងសង្កាត់/ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា មុនកើតហេតុ ប្ដីប្រពន្ធបានឈ្លោះគ្នា ដោយប្រពន្ធកាន់កាំបិត រីឯប្ដីកាន់ខ្ទះធ្វើម្ហូប ហើយប្តី គំរាមថានឹងដុតផ្ទះចោល។
ពលរដ្ឋក្បែរខាងក៏ភ័យ បើដុតផ្ទះមែននឹងឆាបឆេះដល់ផ្ទះរបស់ពួកគាត់មិនខាន!។
ពេលនោះអ្នកជិតខាង និងមានសន្តិសុខម្នាក់ បាននាំគ្នាចូលទៅឃាត់ ជម្លោះប្ដីប្រពន្ធនោះ។
សន្តិសុខទៅដណ្ដើមកាំបិត និងខ្ទះពីគូជម្លោះ តែត្រូវខាងប្តីវាយក្បាលសន្តិសុខមួយខ្ទះឱ្យរងរបួស ហើយក៏នាំគ្នាទៅសម្ងំដេកក្នុងផ្ទះស្ងាត់សូន្យតែម្តង។
ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ បានមកដល់កន្លែងមានជម្លោះ ហៅប្ដីប្រពន្ធ ចេញមកខាងក្រៅយ៉ាងណា ក៏ពួកគាត់មិនព្រមបើកទ្វារដែរ។
លុះព្រឹកថ្ងៃទី០៣ ខែមករា សមត្ថកិច្ចក៏ចាត់ការតាមនីតិវិធី៕