Update៖ រុស្ស៊ី ប្រើដ្រូនបាញ់ស្រោចមកលើអ៊ុយក្រែន បណ្ដាលឲ្យរបួស២៣នាក់!

ព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានប្រើដ្រូនបាញ់ស្រោចមកលើរដ្ឋធានីកៀវពេញមួយយប់ បណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។

ប្រភពពីសារព័ត៌មាន Reuters។

ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា ក្នុងចំណោមអ្នករងរបួសខាងលើ គឺ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសង្កាត់ចំនួន៦ ក្នុងចំណោមសង្កាត់ទាំង១០នៃទីក្រុងកៀវ បានរងការបំផ្លិចបំផ្លាញ។

រុស្ស៊ីបានប្រើដ្រូនសរុប៥៣៩គ្រឿង និងមីស៉ីល១១គ្រាប់ បាញ់មកលើទឹកដីអ៊ុយក្រែន ហើយកំណត់គោលដៅជាចម្បងលើរដ្ឋធានីកៀវ។ អ៊ុយក្រែន បានអះអាងថា ដ្រូននិងមីស៉ីលរុស្ស៊ីសរុប៤៧៨ ត្រូវបានបាញ់ស្កាត់។
វាគឺជាការវាយប្រហារថ្មីចុងក្រោយគេ ក្នុងចំណោមសកម្មភាពវាយប្រហាជាបន្តបន្ទាប់ររបស់រុស្ស៉ី តាមផ្លូវអាកាសលើទីក្រុងកៀវ ដែលបានកើនឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយរួមមានទាំងការវាយប្រហារសម្លាប់មនុស្សរាប់សិបនាក់ នៅទីក្រុងដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់មួយនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចសន្ទនាទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ គឺពុំមានភាពរីកចម្រើននោះទេ ជុំវិញការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *