(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបដិសេធចំពោះក្រសួងវប្បធម៌ថៃដែលបានអះអាងថាប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងយ៉ាងដូច្នេះថាការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យក្រសួងវប្បធម៌នៃព្រះរាជា ណាចក្រថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕