កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាការដំឡើងពន្ធរបស់អាមេរិក នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា ប្រសិនបើបណ្តាដៃគូពាណិជ្ជកម្ម រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់សហភាពអឺរ៉ុប មិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន។
ប្រភពពីសារព័ត៌មាន AFP។
លោក Bessent បានប្រាប់បណ្តាញព័ត៌មានអាមេរិក CNN ថា អត្រាពន្ធនឹងវិលត្រឡប់ទៅរកកម្រិតដូចពេលដែលលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែមេសាវិញ មុនរូបលោកបានផ្អាកវាជាបណ្តោះអាសន្ន ដើម្បីទុកពេលចរចាពាណិជ្ជកម្ម ហើយកំណត់ ថ្ងៃទី៩ ខែកក្កដា ជាថ្ងៃផុតកំណត់សម្រាប់កិច្ចព្រមព្រៀង។
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ក៏បាននិយាយដែរថា ពន្ធគយនោះនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១ ខែសីហា ប៉ុន្តែលោក ត្រាំ ឥឡូវកំពុងកំណត់អត្រាពន្ធនិងកិច្ចព្រមព្រៀង។ កាលពីថ្ងៃអាទិត្យលោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតថា រូបលោកបានចុះហត្ថលេខារួចហើយលើលិខិត១២ច្បាប់ ដើម្បីជូនដំណឹងទៅកាន់ប្រទេសមួយចំនួន អំពីអត្រាពន្ធដែលត្រូវបានដំឡើង៕