(ភ្នំពេញ)៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ សម្រួល ពេលវេលា និងមានតម្លាភាពជាដើម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល បានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុងមួយឆ្នាំ នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផល ចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។
សម្ដេចធិបតី៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមិនមានជាប់ការបង់ពន្ធនោះ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើរៀបចំឱ្យមាននីតិវិធី និងបែបបទសម្រាប់ មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ។
សម្ដេចធិបតី ប្រកាសលើកលែងការបង់ពន្ធបែបបទគយ ចំពោះការនាំទំនិញចេញ-ចូល ដែលមានតម្លៃ ១០០០ដុល្លារចុះក្រោម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តប្រតិវេទន៍តម្លៃពន្ធគយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់នៅចំពោះមុខវិស័យឯកជននៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា រដ្ឋមិន ចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ដោយទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ជូនដល់ប្រតិបត្តិករនៅសៀមរាប។ ទី២ ធនាគារសហគ្រាសធុនតូច និងមធ្យមត្រូវរៀបចំសម្រួលនីតិវិធី និងរៀបចំផ្ដល់ឥណទានក្នុងទំហំទឹកប្រាក់ ហាសិបលានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រតិបត្តិករ ទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ ដើម្បីជំរុញកំណើនទេសចរនៅទី នោះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើគ្រប់សមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្ដាប់ធ្នា ប់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដើម្បីបន្សាបការផ្សព្វផ្សាយពីបញ្ហាអសន្តិសុខ, សណ្ដាប់ធ្នាប់ និងចំណុចអវិជ្ជមានពីកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រៀបចំបង្កើតប្រព័ន្ធទូរសព្ទ Hot Line ដើម្បីរង់ចាំទទួលបណ្ដឹង និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងការនាំចេញនាំចូលមកកម្ពុជា៕