យន្ដហោះចម្បាំងមួយគ្រឿង របស់មីយ៉ាន់ម៉ា បានធ្លាក់ក្នុងការ ប្រយុទ្ធគ្នារវាងក្រុមតស៊ូជនជាតិភាគតិច ក្នុងបរិបទដែលរបបសឹកមីយ៉ាន់ម៉ា កំពុងជួបបញ្ហាប្រឈមធំបំផុត មិនធ្លាប់មានចំពោះអំណាចរបស់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ យោធាកាលពី ឆ្នាំ២០២១មក។
យន្ដហោះចម្បាំងខាងលើ របស់យោធាមីយ៉ាន់ម៉ា បានធ្លាក់នៅឯរដ្ឋ Kayah នៃភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្បែរព្រំដែនជាមួយថៃ កាលពី ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា អំឡុងការប្រយុទ្ធគ្នា រវាងយោធា និងកងកម្លាំងជនជាតិភាគតិច Karenni Nationalities Defence Force (KNDF) ដែលបានអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះចម្បាំងនេះ។
ខាងយោធាមីយ៉ាន់ម៉ា តាមរយៈអ្នកនាំពាក្យ លោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV ថាយន្ដហោះចម្បាំងនោះបានធ្លាក់ដោយសារ បញ្ហាបច្ចេកទេស រីឯពីឡុតបានលោតចេញដោយសុវត្ថិភាព និងកំពុងទាក់ទងជាមួយយោធា។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងប្រយុទ្ធក្នុងសមរភូមិជាច្រើនជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ខណប្រធានាធិបតីនៃរបបសឹក បាននិយាយមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការពុះចែកប្រទេសជាច្រើនចំណែក ដោយសារតែមិនអាចបង្រ្កាបការបះបោរឱ្យមានប្រសិទ្ធភាព។
ជម្លោះ នៅក្នុងរដ្ឋ Shan ស្ថិតភាគឦសាននៃប្រទេសជាប់ព្រំដែនជាមួយចិន និងជាទីដែលយោធាមីយ៉ាន់ម៉ាបាត់បង់ការគ្រប់គ្រងលើទីក្រុងយុទ្ធសាស្ត្រ ដ៏សំខាន់មួយ បានបង្ខំឱ្យមនុស្ស ៥០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ៕