សម្ដេចតេជោ ថ្លែងថាការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាលមិនមែនជាទោសក្បត់ឡើយ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាច មិនមែនជាទោសក្បត់ ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិនោះឡើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បុគ្គលដែលត្រូវយកច្បាប់ដកសញ្ជាតិមកប្រើ ដើម្បីដកសញ្ជាតិនោះ គឺជាអ្នកដែលប្រព្រឹត្តសកម្មភាពទាំងឡាយណា ដែលគប់គិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិខ្មែរខ្លួនឯង ទើបជាគោលដៅនៃការដកសញ្ជាតិ។ ក្នុងន័យនេះ សម្ដេចបានពន្យល់ថា អ្នកដែលមិនបានប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេស មិនមានអ្វីត្រូវព្រួយបារម្ភជាមួយច្បាប់នេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថាក្នុងច្បាប់បានកំណត់ណា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើមិនបានធ្វើអ្វីមួយដែលប្រឆាំង ក្បត់ផលប្រយោជន៍ជាតិខ្លួនឯង។ ដូច្នេះមិនចាំបាច់ភ័យទេ បើមិនក្បត់ជាតិនោះ និយមន័យ នៃការក្បត់ជាតិ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ ជំទាស់ ធ្វើជាបក្សប្រឆាំង ដែលស្មើនឹងទោសក្បត់ជាតិនោះ គឺមិនមែនទេ។ ប៉ុន្ដែទង្វើទាំងឡាយ ដែលគប់គិតជាមួយជនបរទេស បំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅ។

ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងទៀតថា ច្បាប់ដកសញ្ជាតិនេះ ក៏មានវិសាលភាពធំធេងអនុវត្តសម្រាប់ជនបរទេសទាំងឡាយណា ដែលបានសញ្ជាតិខ្មែរ តាមរយៈការធ្វើសញ្ជាតិតូបនីយកម្ម។ សម្ដេចបានបញ្ជាក់ថា កន្លងទៅមានជនបរទេសជាច្រើនជាតិសាសន៍ ទទួលបានសញ្ជាតិខ្មែរ ប៉ុន្ដែច្បាប់មិនបើកឱកាសឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងនោះ តាមរយៈការដកសញ្ជាតិត្រឡប់មកវិញទេ ប្រសិនបើរកឃើញថា បុគ្គលនោះគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅពេលកម្ពុជាមានច្បាប់ដកសញ្ជាតិហើយនោះ គឺជនបរទេសដែលបានសញ្ជាតិខ្មែរ ហើយប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ផលប្រយោជន៍ជាតិ នឹងត្រូវយកច្បាប់នេះមកអនុវត្ត។ សម្ដេចបានលើកឧទាហរណ៍ជាក់ស្ដែងថា ក្នុងករណីមានជនជាតិថៃ ដែលចូលសញ្ជាតិកម្ពុជា ហើយគេត្រឡប់ទៅស្រុកវិញ គេផ្ដល់លុយដើម្បីឲ្យទាហានថៃវាយប្រហារជាមួយខ្មែរ តើគួរដកសញ្ជាតិ ឬមិនដក? ព្រោះករណីនេះធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ដ្រខ្មែររួចមកហើយនៅខេត្តបាត់ដំបង។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដល់បុគ្គលទាំងឡាយណាដែលមិនចង់បាត់បង់សញ្ជាតិខ្មែរទេ កុំប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេសបំផ្លាញជាតិខ្លួនឯង។ សម្ដេចបានមានប្រសាសន៍បែបនេះថា បើខ្លាចគេដកសញ្ជាតិ កុំធ្វើអំពើក្បត់ជាតិទៅបានហើយ កុំគប់គិតជាមួយបរទេស។
ទាក់ទិនជាមួយការគប់គិតជាមួយបរទេសនេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា មានបុគ្គលសញ្ជាតិខ្មែរមួយក្រុមកំពុងគប់គិតគ្នាជាមួយថៃ ដើម្បីបង្កើតកម្លាំងវាយប្រហារកម្ពុជា នេះជាប្រព្រឹត្តអំពើក្បត់ជាតិ ហើយជាគោលដៅនៃច្បាប់ដកសញ្ជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *