(កំពង់ស្ពឺ)៖ នៅទីបំផុតអ្នកកាសែតចំនួន២នាក់ ដែលសមត្ថកិច្ចស្រុកឱរ៉ាល់ ឃាត់ខ្លួនទាំងកណ្ដាលអធ្រាត្រ.!។
ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ”គំរាមកំហែងហែកកេរ្តិ៍”ប្រព្រឹត្តនៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលា ម៉ោង០២និង០០ នាទី រំលងអធ្រាត្រ តាមបញ្ញត្តិមាត្រា ៣៧២ នៃក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួននេះធ្វើឡើង ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់!។
-នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺនៅថ្ងៃទី១២.០៧.២០២៥។
-អ្នកកាសែតដែលរងការឃុំខ្លួនទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរសារព័ត៌មាន”បាសិទ្ធធីវី”។
២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរសារព័ត៌មានអង្គភាព”ស្លឹករឹត”។
-ជុំវិញការឃាត់ខ្លួនអ្នកកាសែតទាំងកណ្ដាលយប់នេះដែរ-លោក សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនការងារព្រហ្មទណ្ឌ.បានអះអាងប្រាប់”ដើមរាំង”ថា ការចាប់ខ្លួនអ្នកកាសែតទាំង២នាក់ខាងលើ គឺគ្មានជនរងគ្រោះជាដើមបណ្ដឹងនោះទេ!។
បើតាមលោកស្នងការរង ការចាប់ខ្លួននេះ គឺយោងតាមការបង្គាប់បញ្ជាផ្ទាល់ពីលោកអភិបាលស្រុកឱរ៉ាល់! ហើយអភិបាលស្រុក យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយដែលថា”អ្នកកាសែត មកដាក់កុងត្រូលជជុះ ដើម្បីជំរិតទារលុយពីអ្នកដឹកអុស”។
-ចំពោះសំណួរថា តើអ្នកកាសែតដែលត្រូវឃាត់ខ្លួន បានដាក់កុងត្រូលជជុះជាក់ស្ដែង ឬពួកគាត់កំពុងសម្រាន្ត..?..។
-ត្រង់ចំណុចនេះលោក សម សាក់ បកស្រាយថា ពួកគាត់ទទួលលុយពីគេ.!។
-ចំពោះសំណួរថា តើអ្នកកាសែតបានទារលុយពីឈ្មួញឈើដែរឬទេ..?។
-លោក សម សាក់ ឆ្លើយថា ទោះទារឬមិនទារឱ្យតែទទួលលុយ គឺខុសច្បាប់ដូចគ្នា!។
-ចំពោះសំណួរថា តើអ្នកកាសែត បានដេញឡានឈើ ដើម្បីទារលុយដែរឬទេ..?។
-លោក សម សាក់ បំភ្លឺថា ខ្ញុំមិនដឹងទេ គ្រាន់តែក្នុងចំលើយ គឺបានទទួលលុយ និងមានដែក ដែលអាចបោះឱ្យធ្លាយកង់ឡាន!។
-ក្រោយលោកស្នងការរងបញ្ជាក់ថា លោកអភិបាលស្រុកឱរ៉ាល់ ជាអ្នកបញ្ជាឱ្យចាប់ខ្លួនអ្នកកាសែតបែបនេះ!។
“ដើមរាំង”ក៏បានព្យាយាមសុំការបំភ្លឺពីលោក ងួន វាសនាអភិបាលស្រុកឱរ៉ាល់.ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល!។
លុះដល់ថ្ងៃទី១៣.០៧.២០២៥ រដ្ឋបាលស្រុកឱរ៉ាល់ បានចេញសេចក្ដីបំភ្លឺដោយបដិសេធចោល ការចុះផ្សាយរបស់”ដើមរាំង”ដែលបានដកស្រង់ប្រភពនិងការលើកឡើងពីលោក សម សាក់..!។
ក្នុងលិខិតរបស់រដ្ឋបាលស្រុកឱរ៉ាល់ គេសង្កេតឃើញថា រដ្ឋបាលស្រុក ពុំបានលើកហេតុផលមកបង្ហាញនោះទេ ជុំវិញការឃាត់ខ្លួនអ្នកកាសែត ទាំងកណ្ដាលអធ្រាត្រ។
-ផ្ទុយទៅវិញនៅក្នុងលិខិត ស្រាប់តែសរសេរខុស(អក្ខរាវិរុទ្ធ)ជាច្រើនផងដែរ។
ដូចជាពាក្យ”ទម្លាក់”ទុច្ចរិត”អធ្រាត្រ”បន្ថែមពីនេះ ន័យចុងក្រោយក្នុងលិខិត ក៏មិនច្បាស់លាស់ថា តើឱ្យមហាជនកែតម្រូវ ឬមួយឱ្យ”ដើមរាំង”កែតម្រូវនោះទេ!។
ម្យ៉ាងវិញទៀតលិខិតបំភ្លឺនោះ គឺតាំងនាមជាអង្គភាពរដ្ឋបាលស្រុក.បែរជាប្រើពាក្យ”ខ្ញុំបាទ”ទៅវិញ.?។
-លិខិតបំភ្លឺរបៀបឆិនឆៃ មិនច្បាស់លាស់ សំណេរប្រហែល១០បន្ទាត់សោះ បែរជាលេចចេញខ្លឹមសារច្របូកច្របល់និងខុស(អក្ខរាវិរុទ្ធ)។
ធ្វើឱ្យមហាជន រិៈគន់និងវាយតម្លៃថា បទពិសោធន៍ នៃការដឹកនាំរបស់លោក ងួន វាសនា នៅស្ទើរនិងមានកម្រិតនៅឡើយ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុក!។
-ទាក់ទិនរឿងនេះលោក គិន សារី ចាងហ្វាងសារព័ត៌មាន(បាសិទ្ធធីវី)បានអះអាងប្រាប់”ដើមរាំង”ថា សហការីខ្លួនពុំបានដាក់កុងត្រូលជជុះ ដូចការចោទប្រកាន់នោះឡើយ!។
ពោលគឺ ពួកគាត់ដេកសំរាក ចាំប្រមាញ់បទល្មើសព្រៃឈើ ដែលតែងតែដឹកចេញ”ពីតំបន់ជួរភ្នំក្រវ៉ាញ.ជាប់ព្រំប្រទល់ខេត្តកោះកុង.កំពង់ស្ពឺ.ពោធិ៍សាត់ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់”។
និយាយជារួមផ្លូវ១ខ្សែនោះ ជាច្រកនិងជាបំពង់.ក.ដ៏សំខាន់ដែលត្រូវដឹកជញ្ជូនឈើចេញជាប្រចាំ ហើយនរណា ក៏អាចសំរាកនិងដេកលើ រោងនោះបានដែរ ព្រោះជាកន្លែងសុវត្ថិភាព សម្រាប់អ្នកដំណើរ..!។
លោក ចាងហ្វាងបន្តថា អ្នកកាសែតទាំង២នាក់នោះ ពុំបានស្ទាក់.ឬដេញចាប់រថយន្តដឹកឈើ ដើម្បីជំរិតទារប្រាក់អ្វីឡើយ ជាក់ស្តែងពួកគាត់ ដេកចាំប្រមាញ់បទល្មើសព្រៃឈើ តែប៉ុណ្ណោះ!!។
មិនគួរណាអាជ្ញាធរស្រុកឱរ៉ាល់ បញ្ជាឱ្យកងកម្លាំងមកដាស់ពួកគាត់ ឱ្យភ្ញាក់ពីដំណេក ដែលកំពុងសម្រាន្តលង់លក់នៅម៉ោង២រំលងអធ្រាត្រ រួចចាប់វាយខ្នោះ ដោយចោទថា ដាក់កុងត្រូលជជុះដើម្បីជំរិតទារលុយ អញ្ចឹងសោះ.!!។
-តាមរយៈសារព័ត៌មាន”ដើមរាំង”ភរិយារបស់ជនត្រូវចោទជាអ្នកកាសែតខាងលើ សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ.ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ដោះលែងអ្នកកាសែតទាំង២នាក់ខាងលើវិញ ដោយក្ដីអនុគ្រោះ!។
-ស្របពេលដែលមហាជនទូទៅជាពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់ ដែលទៅចាប់វាយខ្នោះអ្នកកាសែត ទាំងកណ្ដាលអធ្រាត្រ ហាក់បីដូចជាពួកគាត់ បានប្រព្រឹត្ត បទល្មើសឧក្រិដ្ឋ ក្បត់ប្រទេសជាតិអញ្ចឹង…!!។
-កត្តាទាំងនេះហើយ ទើបបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់កើតទុក្ខមិនសុខចិត្ត បញ្ចេញប្រតិកម្មចោទជាសំណួរថា៖ អ្នកកាសែតចាំប្រមាញ់បទល្មើសព្រៃឈើត្រូវគេចាប់វាយខ្នោះ.។
-ចុះហេតុអ្វីបានជា មិនចាប់វាយខ្នោះពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??៕