(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ៖ ផ្អែកតាមលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន កាលខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀន នៅកម្ពុជា ពុំទាន់មានសញ្ញាណចុះថយនៅឡើយទេ ហើយស្ថានភាពប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្ន មានការប្រើប្រាស់នៅតាមទីតាំងមួយចំនួន ដូចជាក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់ផ្សេងៗទៀត ។ ព្រមទាំងមានការបន្តលួចលាក់នាំចូលគ្រឿងញៀន និងនៅតែមានការលួចលាក់កែច្នៃ-ផលិតគ្រឿងញៀនទ្រង់ទ្រាយតូចៗទៀតផងដែរ។
លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាព អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ចាប់ខ្ជួន តាមវិន័យនគរបាលជាតិកម្ពុជា៕