អភិបាលក្នុងតំបន់ Lipetsk និង Voronezh នៃប្រទេសរុស្ស៊ីនិយាយថា មនុស្សមួយចំនួនរបួសហើយផ្ទះ និងអគាររងការខូចខាត ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។
លោក Alexander Gusev បាននិយាយថា អង្គភាពការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញដ្រូន ១២គ្រឿងនៅលើតំបន់ Voronezh ជាប់ព្រំដែនអ៊ុយក្រែន។ នៅកណ្តាលក្រុង Voronezh មនុស្សជាច្រើនរងរបួសស្រាល ដោយសារតែកម្ទេចកំទីនៃដ្រូន ហើយអគារច្រើនជាន់ និងផ្ទះនៅតំបន់ជាយក្រុង ក៏បានរងការខូចខាតផងដែរ។
នៅឯទីក្រុង Yelets នៃតំបន់ Lipetsk វិញ ដ្រូនមួយគ្រឿងបានធ្លាក់ក្នុងតំបន់ឧស្សាហកម្ម ដោយអភិបាលតំបន់ លោក Igor Artamonov បាននិយាយថា មានមនុស្សម្នាក់រងរបួស។
លោកបានបន្ថែមទៀតថា ដ្រូន៥៥គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញនៅតំបន់ចំនួន ៥ក្នុងប្រទេសរុស្ស៊ីនិង ៣គ្រឿងនៅលើតំបន់ Lipetsk៕