សម្ដេចធិបតី ថ្លែងថាពីទីតាំងឧក្រិដ្ឋកម្ម ក្លាយជាមណ្ឌលផ្សះផ្សា និងសន្តិភាព ដើម្បីរំឭកដល់អតីតកាលរបស់កម្ពុជា!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាព្រឹត្តិការណ៍អបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព បានចុះបញ្ជីបេតិកភណ្ឌ ពិភពលោកគឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺចាប់ររបស់កម្ពុជា និងជាភស្តុតាងនៃការប្តូរផ្តាច់ដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត បានថ្លែងបែបនេះក្នុងឳកាសដែលសម្តេចនិងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិង សន្តិភាពត្រូវបានចុះបញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ ដែលពិធី អបអរសាទរនេះបានរៀបចំឡើងយ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាង ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ, ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា, ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ, ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនៈវត្ថុមិនអាចកាត់ថ្លៃ សម្រាប់ប្រជាជាតិ និងប្រជាជនយើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះសន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង។ កម្ពុជាសង្ឃឹមជឿជាក់ថាបូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោកអរគុណសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version