ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ដែលនឹងអនុញ្ញាតឲ្យជនបរទេស ដែលចូលបម្រើក្នុងជួរកងទ័ព ជួយធ្វើសង្រ្គាមនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។
បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន ១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។
ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុងកុងត្រាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។
វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធផ្នែកយោធា ឲ្យមកចូលរួមក្នុងជួរទាហានរុស្ស៊ីថែមទៀត ។
គួរបញ្ជាក់ថា មូស្គូមិនបានផ្សព្វផ្សាយពីទិន្នន័យនៃចំនួនជនបរទេស ដែលកំពុងប្រយុទ្ធដើម្បីរុស្ស៊ី នៅអ៊ុយក្រែននោះទេ។ តែបើតាមសេចក្តីរាយការណ៍របស់ Reuters កន្លងមក ជនជាតិគុយបា បានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ជាថ្នូរនឹងប្រាក់រង្វាន់ ដែលមានចំនួនច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែ នៅឯគុយបា៕