(កំពង់ស្ពឺ)៖ អ្នកប្រកបរបរឡើងដើមត្នោតយកទឹកធ្វើស្ករម្នាក់ ត្រូវភ្លើងឆេះព្រៃរាលដល់ដើមត្នោត បណ្តាលឱ្យធ្លាក់ពីលើដើមត្នោត មកក្រោមចូលក្នុងភ្នក់ភ្លើងស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី០៤ ខែមករា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងនៅថ្ងៃ៥ ខែមករានេះថា ជនរងគ្រោះឈ្មោះ ដូ ដន អាយុ២៥ឆ្នាំនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅមុនកើតហេតុ ជនរងគ្រោះ ដែលមានមុខរបរឡើងត្នោត យកទឹកធ្វើស្ករលក់ ដើម្បីជីវភាពគ្រួសារ។
បានឡើងដើមត្នោត ស្រាប់តែមានភ្លើងឆេះព្រៃរាលដាលដល់ដើមត្នោត ធ្វើជនរងគ្រោះធ្លាក់មកដីបណ្តាលឱ្យស្លាប់ ក្នុងភ្នក់ភ្លើង មិនមានអ្នកជួយសង្រ្គោះបានឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសព ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
កម្លាំងនគរបាលស្រុកភ្នំស្រួច បានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកទើបភ្លើងរលត់៕