ឯកឧត្តម ស ថេត ចាត់ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសបាត់វត្ថុតាងនៅស្រុកគិរីសាគរ!

(ភ្នំពេញ) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង។

សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំង នគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថាក្រុមការងារដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនេះ នាំឲ្យកើតមានភាពមិនប្រក្រតី រហូតលួចយកទូរស័ព្ទ និងកុំព្យួរទ័រនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អមដោយអនុប្រធាន និងសមាជិកសរុបចំនួន១២នាក់។

ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង មានតួនាទី ភារកិច្ចដូចខាងក្រោម៖
ធ្វើការស្រាវជ្រាវអំពីដំណើររឿង មូលហេតុ និងលទ្ធផល នៃការចុះបង្ក្រាបឱ្យបានច្បាស់លាស់ តម្លើងបញ្ជីសមាសភាពក្រុមការងារ ដែលចុះបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រសហគ្រាស LYP
ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអំពីដំណើរការ នៃកិច្ចប្រតិបត្តិការរបស់ក្រុមការងារដែលចុះបង្ក្រាបបទ ល្មើសនៅក្នុងសហគ្រាស LYP (ទាំងក្នុងពេល និងក្រោយពេលប្រតិបត្តិការរួច) ធ្វើរបាយការណ៍លំអិតអំពីលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេត រាយការណ៍ជូនអគ្គស្នងការនគរបាល ជាតិ ដើម្បីមានវិធានការបន្ត បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *