សម្ដេចតេជោ បញ្ជាក់ជាថ្មីថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ!

(ភ្នំពេញ)៖ ថ្លែងជាសំណេរតាមបណ្ដាញសង្គមនៅថ្ងៃទី២០.០៧.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ !

ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្ល៉េះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។

ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បារពីប្រជាជនកម្ពុជា។

ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។
លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួន នៅមានទ្រឹស្តីមួយគឺ (ថាក់សុីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។

នៅមានរឿងច្រើនណាស់ ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ។
ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអុីនទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version