មនុស្ស១២នាក់បានស្លាប់ នៅក្នុងប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលវិបត្តិព្រំដែនជាមួយប្រទេសកម្ពុជានៅតែបន្តកើនឡើង ចំពេលមានការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់រ៉ុក្កែត។
នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ជាជនជាតិថៃថៃដោយសារការវាយប្រហារឆ្លងព្រំដែនបានកើនឡើងដល់ ១២នាក់។
ក្នុងនោះមានកុមារម្នាក់ និងទាហានម្នាក់ បន្ទាប់ពីការបាញ់កាំភ្លើងធំពីប្រទេសកម្ពុជា បានវាយប្រហារជាច្រើនកន្លែង។យ៉ាងហោចណាស់មនុស្ស ៣១នាក់ក៏បានរងរបួស ក្នុងនោះរួមមានទាហាន ៧នាក់ផងដែរ។
យ៉ាងណាមិញ កម្ពុជា មិនទាន់បានចេញផ្សាយព័ត៌មានណាមួយអំពីអ្នកស្លាប់និងរបួសទេរហូតមកដល់ពេលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែតខ្មែរថាមស៍ បានរាយការណ៍ដោយដកស្រង់ពីអ្នកភូមិថា ទាហានថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិមួយចំនួន រួមទាំងជនជាតិរ៉ូហ៊ី ងយ៉ាផងដែរ។
នៅក្រោយការវាយប្រហារនោះ មានការភៀសខ្លួននៅសងខាងព្រំដែន។
ក្រសួងអប់រំថៃ បានបិទសាលារៀននៅជិតព្រំដែនក្នុងស្រុក Phanom Dong Rak ក្នុងខេត្ត Surin។
រីឯកម្ពុជាក៏បានជម្លៀសសិស្សានុសិស្ស និងគ្រូបង្រៀនចេញពីតំបន់រងផលប៉ះពាល់ផងដែរ។
ខណៈដែលភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញជម្លោះព្រំដែនកាន់តែកើនឡើងទៅជាការប៉ះទង្គិចគ្នា។
យន្តហោះចម្បាំង F-16 មួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំង F-16 ទាំងប្រាំមួយគ្រឿង ដែលថៃត្រៀមដាក់ពង្រាយតាមព្រំដែនមានជម្លោះ បានបាញ់ចូលប្រទេសកម្ពុជា និងបានបំផ្លាញគោលដៅយោធាមួយចំនួន។
ក្រោយមក កងទ័ពបានបញ្ជាក់ថា យន្តហោះ F-16 ទាំងអស់បានត្រឡប់មកដល់លេណដ្ឋានវិញដោយសុវត្ថិភាព។
ម្យ៉ាងវិញទៀត កម្ពុជាបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះ F-16 មួយគ្រឿង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។
កាសែតនេះ បានរាយការណ៍ដោយដកស្រង់សំដីក្រសួងការពារជាតិថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបាញ់តបវិញប្រឆាំងនឹងកងកម្លាំងថៃ ហើយក៏បានបើកការវាយលុកប្រឆាំងនឹងទាហានថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាតែងតែឈរលើគោលការណ៍របស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
ប៉ុន្តែក្នុងស្ថានភាពនេះ យើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងយោធាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធ។
នាយករដ្ឋមន្ត្រី អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយ ការឈ្លានពានយោធាដែលបានគិតទុកជាមុន ដោយប្រទេសថៃ។
កងទ័ពភូមិភាគទី២ របស់ប្រទេសថៃ ក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនេះ បាននិយាយថា រថក្រោះកម្ពុជាចំនួនពីរគ្រឿង ត្រូវបានបំផ្លាញនៅក្នុងប៉ុស្តិ៍សង្កេតការណ៍ Satta Som ហើយកងកម្លាំងថៃ បានដណ្តើមយកមកវិញនូវតំបន់ក្បែរប្រាសាទព្រះវិហារ។
គួរជម្រាបថា ការប៉ះទង្គិចចុងក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងក្នុងការផ្ទុះគ្រាប់មីនអំឡុងពេលដើរល្បាត។
យោធាថៃ បានចោទប្រកាន់កងទ័ពកម្ពុជាថា បានបាញ់ប្រហារនៅមូលដ្ឋានកងទ័ពថៃ នៅតំបន់ក្បែរប្រាសាទតាមឿងធំ (តាមាន់ធំ) ដែលស្ថិតក្នុងទឹកដីមានជម្លោះនៅភាគខាងត្បូងនៃខេត្តសុរិន្ទប្រទេសថៃ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា បាននិយាយថា កងទ័ពរបស់ខ្លួនបានធ្វើសកម្មភាព ក្នុងការការពារខ្លួនបន្ទាប់ពីមានការញុះញង់ដោយទាហានថៃ។
គួរបញ្ជាក់ថា កម្ពុជា និងថៃ បានបន្ទាបទំនាក់ទំនងការទូតដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីថ្ងៃទី 28 ឧសភា នៅពេលដែលកងទ័ពបានបាញ់ប្រហារនៅជិតព្រំដែន បណ្តាលឲ្យទាហានខ្មែរស្លាប់៕