Breaking៖ ការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ឲ្យឆាប់បំផុតគឺជាកត្តាចាំបាច់!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរគឺជារឿងសំខាន់បំផុត។ លោកជំទាវ ម៉ាលី សុជាតា៖ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្ត ជាមួយគ្នានោះភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង (Terms of Reference – TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ឱ្យបានឆាប់រហ័សបំផុត ដែលជាយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *