Breaking៖ កម្ពុជាសង្ឃឹមថា ថៃនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបឆាប់ បន្ទាប់ពីបានឯកភាពគ្នា ក្នុងការផ្លាស់ប្ដូរបុគ្គលដែលទទួលមរណភាព!

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៤:០០ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កម្ពុជានិងថៃបានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងសម្រួលដល់ការវិលត្រឡប់វិញប្រកបដោយសេចក្ដីថ្លៃថ្នូរ និងទាន់ពេលវេលានូវបុគ្គលដែលទទួលមរណភាព នៅទីតាំងដែលបានព្រមព្រៀងគ្នា ដោយគោរពទាំងស្រុងនូវគោលការណ៍មនុស្សធម៌ និងយុត្តាធិការ ដោយមិនឆ្លងព្រំដែន។

ជាមួយគ្នានេះដែរ លោកស្រី អ្នកនាំពាក្យបានដាក់ក្ដីសង្ឃឹមថាភាគីថៃនឹងដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលពួកគេបានចាប់ទៅ នៅមួយថ្ងៃក្រោយបទឈប់បាញ់ចូលជាធរមាន ហើយថែមទាំងបានប្ដេជ្ញាថានឹងបន្តទាមទាររហូតភាគីថៃដោះលែងពួកគេទាំង១៨នាក់នោះ។

លោកស្រី សុជាតា៖ ក្នុងស្មារតីនេះ កម្ពុជាសង្ឃឹមថាថៃនឹងដោះលែងទាហានខ្មែរដែលចាប់ខ្លួនទាំង ១៨នាក់នោះមកវិញជាបន្ទាន់ ដែលនេះក៏ស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្ដាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version