Breaking៖ ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់!

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ថា នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពាជាតិបានអនុញ្ញាតអោយឯកឧត្តម Lloyd Gillettប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាស្នើអោយភាគីថៃឆាប់បញ្ជូនកងកម្លាំអរបស់យើងទាំង១៨រូបអោយត្រឡប់មកវិញអោយបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងកងយោធពលខេមេភូមិន្ទគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យើងនឹងមិនទុកសមាជិកយើងណាម្នាក់ចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងស្មារតីនេះ កម្ពុជាសង្ឃឹមថា ថៃនឹងដោះលែងទាហានកម្ពុជាដែលចាប់ខ្លួនទាំង១៨រូបនោះជាបន្ទាន់ ហើយស្របតាមការអំពាវនាវយ៉ាងទទូចពីប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តន៍ប្រកបដោយឆន្ទៈ ភាពស្មោះត្រង់ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិមួយដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ដើម្បីធានាអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញនិងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *