Breaking៖ សម្តេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម!

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា  នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។ សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរ ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា  និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ដូច្នេះចំនួននេះ បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនៅក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ដែលពូនជ្រុំបន្តពីសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបន្តមកដល់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាលំដាប់។ ឯកឧត្តម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ គោលដៅធំរវាងកម្ពុជា និងវៀតណាមគឺគ្រោងសម្រេចឲ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលខាងមុខ ពោលគឺនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សម្ដេចក្នុងខួប៨០ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ។ ឯកឧត្តមក៏បានចាត់ទុកវត្តមានរបស់សម្ដេចតេជោនាពេលនោះថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម ហើយឯកឧត្តមបានប្ដេជ្ញាធ្វើយ៉ាងណាពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version