(ភ្នំពេញ)៖ ក្រោយមានការចុះផ្សាយនិងចោទប្រកាន់ថា លោកឧត្តមសេនីយ៍ទោ អៀម រតនា ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ”ឆបោក”លុយគេចំនួន៦០ម៉ឺនដុល្លារ ពាក់ព័ន្ធករណីទិញលក់ដី១កន្លែងនៅស្រុកគងពីសី កាលពីអំឡុងឆ្នាំ២០២១នោះមក!។
នៅថ្ងៃទី១៩.០៨.២០២៥ លោក អៀម រតនា បានចេញមុខបំភ្លឺប្រាប់”ដើមរាំង”ថា រាល់ការចោទប្រកាន់ខាងលើ គឺជារឿងមិនពិតនិងប្រឌិតទាំងស្រុង ពីសំណាក់ឈ្មោះ អឿន ធួន..!!។
បើតាមលោក អៀម រតនា លុយចំនួន៦០ម៉ឺនដុល្លារនោះ គឺរូបលោកបានទទួលប្រាកដមែន.កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។
ដោយយកមកប្រគល់ឱ្យលោក អឿន ធួន ចំនួន៦០ម៉ឺនដុល្លារគ្រប់ចំនួន តាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា សម្រាប់ទូទាត់ជូនពលរដ្ឋចំនួន(២០ប័ណ្ណ)តាមក្បាលដីនីមួយៗ។
ជាក់ស្ដែង លិខិតប្រគល់ទទួលប្រាក់ចុះថ្ងៃទី០៦.១០.២០២២ ចំនួន៦០ម៉ឺនដុល្លារដែលមានឈ្មោះ អៀម រតនា អ្នកប្រគល់និងឈ្មោះ អឿន ធួន ជាអ្នកទទួល!!។
លោក អៀម រតនា បន្ដទៀតថា លុយដែលខ្លួនបានប្រគល់ឱ្យឈ្មោះ អឿន ធួន នេះដែរ គឺរូបលោកនិងឈ្មោះ អឿន ធួន បានរួមគ្នាយកទៅចាត់ចែងប្រមូលក្បាល ដីចំនួន២០ដូចខាងក្រោម៖
ក្បាលដីលេខ(៥៦៥)ចំនួន១៥ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៤១) ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៣២)(៣៩៩)និង(៤៨៩) ចំនួន៥ម៉ឺន៥ពាន់ដុល្លារ។
ក្បាលដីលេខ(៥១០)ចំនួន៨ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៧១)និង(៤៦៩)ចំនួន២ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៨៨)ចំនួន១ម៉ឺនដុល្លារ. ក្បាលដីលេខ(៤៧០)ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៨៧)ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៨៣)ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៩០)ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៩២)ចំនួន១ម៉ឺនដុល្លារ.ក្បាលដីលេខ(៥១២)និង(៤៨៦)ចំនួន៣ម៉ឺនដុល្លារ.ក្បាលដីលេខ(៤៧២)ចំនួន៣០.៨៣០ដុល្លារ.ក្បាលដីលេខ(៤៦៧)និង(៤២៨)ចំនួន៥ម៉ឺនដុល្លារ.ក្បាលដីលេខ(៤២៩)ចំនួន២ម៉ឺនដុល្លារ.និងលិខិតប្រគល់ទទួលប្រាក់ ដែលឈ្មោះ អៀម រតនា ប្រគល់ឱ្យឈ្មោះ អឿន ធួន ចំនួន២លើកទៀត ជាប្រាក់បង្រ្គប់ដែលនៅសេសសល់ពីការទូទាត់ឱ្យពលរដ្ឋម្ចាស់ដីដើម។
-ទាំងនេះជាភស្តុតាង ដែលអាចបញ្ជាក់ថាលោក អៀម រតនា ពុំបាន”ឆបោក”លុយដូចដែលលោក អឿន ធួន ចោទប្រកាន់នោះឡើយ។
ជាមួយគ្នានោះលោក អៀម រតនា ក៏បានចោទជាសំណួរត្រឡប់ទៅវិញថា បើលោក អឿន ធួន ត្រឹមត្រូវនិងរងគ្រោះប្រាកដមែន..? ហេតុអ្វីបានជាលាក់ខ្លួន គេចវេះមិនចេញមុខមកតតាំងគ្នាជាមួយរូបលោក ។
ជាក់ស្ដែង៖ ក្រសួងមហាផ្ទៃ កោះហៅក៏លោក អឿន ធួន មិនចូលខ្លួនមកបំភ្លឺនោះដែរ.តើនេះជាអ្វីទៅ…?។
ក្នុងរឿងនេះទាំងលោក អៀម រតនា និងមេធាវីរបស់ខ្លួន បានអះអាងប្រាប់”ដើមរាំង”ថា មូលហេតុដែលតំណាងអយ្យការ សម្រេចចោទប្រកាន់លើលោក អៀម រតនា ក៏ព្រោះតែលោក អឿន ធួន ប្ដឹងខុសទីតាំង..!!។
ធ្វើឱ្យរាល់ដីកាកោះហៅ បញ្ជូនមិនដល់លោក អៀម រតនា ទើបតំណាងអយ្យការ ចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត” កាលពីកំឡុងឆ្នាំ២០២៤។
ទោះជាយ៉ាងនេះក្ដី ក្នុងដំណាក់ការស៊ើបសួររបស់ចៅក្រម នៃសាលាដំបូងខេត្ដកំពង់ស្ពឺ។
លោក អៀម រតនា បានដាក់ពាក្យសុំបញ្ចូលភស្ដុតាង និងផ្ដល់ចំលើយជូនតុលាការរួចរាល់អស់ហើយ ដែលបញ្ជាក់ថា ខ្លួនគ្មានកំហុសដូចការចោទប្រកាន់ជាដាច់ខាត!។
លោក អៀម រតនា បានចាត់ទុកទង្វើរបស់ឈ្មោះ អឿន ធួន ដែលខំប្រឹងប្ដឹងបំភ្លៃខុសការពិត ថាជាចេតនាទុច្ចរិតទម្លាក់កំហុស ដើម្បីដាក់សម្ពាធលើរូបលោក ឱ្យជួយអន្ដរាគមន៍ ទៅជនជាតិ(ចិន) ដែលជាម្ចាស់”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”(អ្នកទិញដី)ឱ្យដកពាក្យបណ្ដឹង ដែលបានប្ដឹងលោក អឿន ធួន ហើយបច្ចុប្បន្នលោក អឿន ធួន ក៏កំពុងគេចខ្លួនផងដែរ!។
បន្ថែមពីនេះលោក អៀម រតនា ក៏បានប្ដឹងលោក អឿន ធួន បកវិញពី”បទបរិហារបង្កាច់កេរ្ដិ៍ និងញុះញង់បង្កភាពវឹកវរ”ចូលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ
អគ្គស្នងការនគរបាលជាតិទៀតផង!។
សូមបញ្ជាក់ថា ដំណើរដើមទងនៃវិវាទមួយនេះ កើតឡើងដោយសារ ការទិញលក់ដី១កន្លែង ទំហំជិត១០ហិកតា.តម្លៃជិត២លានដុល្លារ ស្ថិតនៅភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១និង២០២២។
ដោយពេលនោះមានឈ្មោះ អឿន ធួន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជា(ភាគី)អ្នករៀបដីនិងប្រមូលទិញដី ពីពលរដ្ឋមកលក់ឱ្យ”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”។
ចំណែកលោក អៀម រតនា ជាអ្នកនាំ”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”មកទិញដី។
ក្នុងការប្រគល់និងទទួលប្រាក់រវាងភាគីអ្នកលក់និងអ្នកទិញ គឺលោក អឿន ធួន និងក្រុមហ៊ុន ចំនួនជិត១០លើកឯណោះ ទម្រាំចប់និងរួចរាល់សម្រាប់ការទិញលក់ដី១កន្លែងនេះ។
ប៉ុន្តែការប្រគល់លុយ ក្នុងដំណាក់កាលទី៤ គឺលោក អៀម រតនា ជាអ្នកទទួលយកមកចាត់ចែង និងទូទាត់ក្នុងការប្រមូលក្បាលដីចំនួន២០ ចុងក្រោយដែលនៅសេសសល់ ដើម្បីបង្គ្រប់ក្បាលដីសរុបចំនួន៣៨ ក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិឱ្យក្រុមហ៊ុនដែលជាអ្នកទិញ ហើយលោក អឿន ធួន បានយកចំណុចនេះមកប្ដឹងលោក អៀន រតនា ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
លុះឥឡូវលោក អៀន រតនា បានចេញមុខបកស្រាយបំភ្លឺនិងអះអាងដូចការរៀបរាប់ខាងលើរួចហើយ៕