អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសារលោកបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យយល់ព្រមលើកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់ និយាយថាលោក Putin និងលោកហ្សេលេនស្គីនឹងប្រព្រឹត្តទៅនៅពីរសប្ដាហ៍ខាងមុខ ក្នុងទីតាំងដែលមិនទាន់បានកំណត់នៅឡើយ។
លោក Merz ស្ថិតក្នុងគណៈប្រតិភូនៃមេដឹកនាំអឺរ៉ុប ដែលបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (១៨ សីហា) ដើម្បីផ្តល់ការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងជំនួបជាមួយលោក Trump។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Merz បាននិយាយថាគេមិនដឹងឡើយថាតើប្រធានាធិបតីរុស្ស៊ី នឹងមានភាពក្លាហានក្នុងការចូលរួមកិច្ចប្រជុំកំពូលបែបនេះ ឬក៏អត់ ដូច្នេះហើយការបញ្ចុះបញ្ចូលគឺជាភាពចាំបាច់។
លោក Merz បានបន្ថែមទៀតថាប្រធានាធិបតីអាមេរិក បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី តាមទូរសព្ទ ហើយបានយល់ព្រមថានឹងមានកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលពីរសប្តាហ៍ខាងមុខនេះ៕