Breaking៖ ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមហេតុផល ទទួលជីនិងថ្នាំកសិកម្មយកលក់បន្ត!

(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលខេត្ដកំពង់ធំ នៅថ្ងៃទី២៣.០៨.២០២៥ បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ករណី”ឆបោក”លុយជាង៧០លានរៀល ក្រោមរូបភាពទទួលជីនិងថ្នាំកសិកម្ម យកមកចែកចាយបន្ដ រួចស៊ីដាច់ មិនព្រមទូទាត់និងប្រគល់ប្រាក់ដើមទៅម្ចាស់ដេប៉ូ វិញឡើយ!។
-ករណីនេះ ជនរងគ្រោះកំពុងសម្ដែងការព្រួយបារម្ភជាខ្លាំង ដោយខ្លាចមានការដោះលែងជនសង្ស័យ ទាំងដែលខ្លួនពុំទាន់ទទួលបានយុត្តិធម៌ ព្រោះឃើញមានអ្នករត់ការ..!!។

សូមជម្រាបថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ប៉ែន យុទ្ធសា ភេទប្រុស អាយុ៤៩ឆ្នាំ(ប្ដី)នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(ឃាត់ខ្លួន)។២៖ ឈ្មោះ ឡាច គឹមអ៊ី ភេទស្រី អាយុ៤៧ឆ្នាំ(ប្រពន្ធ)មានទីលំនៅផ្ទះជាមួយគ្នា។រីឯជនរងគ្រោះឈ្មោះ ហែម ហ៊ាង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជុំវិញរឿងនេះ ជនរងគ្រោះបានអះអាងប្រាប់”ដើមរាំង”នៅព្រឹកទី២៤.០៨.២០២៥ ថា ដើមចមដំបូង ខ្លួនបានលក់និងចែកចាយជីនិងថ្នាំកសិកម្ម នៅខេត្ដកំពង់ធំ។
លុះដល់ឆ្នាំ២០២៣ ស្រាប់តែជនសង្ស័យខាងលើ មកទំនាក់ទំនងនិងរាប់អានគ្នា ដោយជនសង្ស័យនិយាយថា ខ្លួនជាមនុស្សល្អ.ស្មោះត្រង់.ក្នុងការរកស៊ី អាចទុកចិត្តបាន។
ពួកគេអះអាងបែបនេះ ក្នុងបំណងឱ្យជនរងគ្រោះជឿទុកចិត្ត ដើម្បីចំណាយទុនរកស៊ីជាមួយខ្លួន ដែលជាជនសង្ស័យ!។

បន្ទាប់មក ប្ដីប្រពន្ធទាំង២នាក់ បានស្នើមកជនរងគ្រោះ សុំយកជីនិងថ្នាំកសិកម្មជាបន្ដបន្ទាប់ ពោលគឺ ដំបូងៗមានការទូទាត់លុយ ធ្វើឱ្យជនរងគ្រោះមានទំនុកចិត្តទាំងស្រុង!។

ប៉ុន្តែយូរៗទៅ ជនសង្ស័យស្នើយកជីនិងថ្នាំកសិកម្ម ពីជនរងគ្រោះកាន់តែច្រើនសរុបជាទឹកប្រាក់ ជំពាក់ចំនួន ៧១.៣៣៥.០០០រៀល ដោយផ្អែកថា ខ្លួនយកទៅបណ្ដាក់ឱ្យកសិករ.គឺជំពាក់បន្តគ្នា!។

ទន្ទឹមនិងនោះ ឈ្មោះ ប៉ែន យុទ្ធសា និងឈ្មោះ ឡាច គឹមអ៊ី តែងតែអះអាងថា នៅពេលកសិករប្រមូលផល.កសិករនឹងសងលុយមកខ្លួន ហើយពួកគាត់ នឹងសងលុយមកជនរងគ្រោះ ទាំងអស់តាមការព្រមព្រៀង ដែលបាននិយាយគ្នា.!!។

មិនដូច្នោះអីស្រាប់តែ ប្ដីប្រពន្ធខាងលើមានចេតនាទុច្ចរិតស៊ីដាច់លុយ មិនព្រមប្រគល់មកជនរងគ្រោះ នោះឡើយ។

លោក ហែម ហ៊ាង បន្ដទៀតថា ក្រោយដឹងពីចេតនាគៃបំបាត់ពីសំណាក់ជនសង្ស័យបែបនេះ ខ្លួនក៏បានទំនាក់ទំនង តាមសួរនាំប្ដីប្រពន្ធខាងលើ ជាច្រើនលើកច្រើនសារ ក្នុងបំណងឱ្យមកទូទាត់គ្នា។

ប៉ុន្ដែប្ដីប្រពន្ធមួយគូនេះ បែរជាគេចវេះភូតភរកុហក គ្មានការទទួលខុសត្រូវនិងលើកពេលរហូតពី១ខែទៅ១ខែ ជាវិធីទាល់ច្រក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ខ្លួនក៏បាន ដាក់ពាក្យបណ្ដឹងប្ដឹងជនសង្ស័យខាងលើ ចូលស្នងការនគរបាលខេត្ដកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដងទៅ! រហូតដល់ថ្ងៃទី២៣.០៨.២០២៥ ទើបមានការឃាត់ខ្លួនជនសង្ស័យខាងលើ។

-ក្នុងរឿងនេះ ជនរងគ្រោះសុំទាមទារសំណងនិងជំងឺចិត្ត សរុបចំនួន ១១១.៣៣៥.០០០រៀល។

យ៉ាងណាក៏ដោយ ជនរងគ្រោះសុំស្នើយ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដកំពង់ធំ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ធំ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្ដកំពង់ធំ មេត្ដាចាត់វិធានការចោទប្រកាន់.ឃុំខ្លួន និងផ្ដន្ទាទោសជនល្មើស ឱ្យបានធ្ងន់ធ្ងរបំផុត! ដើម្បីផ្ដល់យុត្ដិធម៌ ដល់ខ្លួនដោយក្ដីអនុគ្រោះ ជៀសវាងការដោះលែងជនល្មើសទាំងពុំទាន់មានយុត្តិធម៌សម្រាប់ជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version