(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានជម្រាបជូន អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ(RBC)។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរនិងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។
ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាននិងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕