កាលពីថ្ងៃពុធ ទី២៧ ខែសីហា អ៊ុយក្រែនបានអះអាងថា កងការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ ដ្រូនចំនួន ៧៤ គ្រឿង ក្នុងចំណោម ៩៥ គ្រឿងរបស់រុស្ស៊ី។ ខណៈពេលដូចគ្នា ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងថា កងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់ ដ្រូនអ៊ុយក្រែនចំនួន ២៦ គ្រឿង ពេញមួយយប់ផងដែរ។
យោងតាមកងកម្លាំងអាកាសអ៊ុយក្រែន ការវាយប្រហាររបស់រុស្ស៊ីបានប្រើដ្រូនប្រភេទ Shahed UAVs ចេញពីតំបន់ Kursk, Millerovo, Orel និង Primorsko-Akhtarsk ក្នុងរុស្ស៊ី និងពី Chauda ក្នុងឧបទ្វីប Crimean។ គិតត្រឹមម៉ោង 06:00 GMT នៅថ្ងៃទី ២៧ សីហា ដ្រូនចំនួន ៧៤ ត្រូវបានបំផ្លាញនៅភាគខាងជើង ខាងត្បូង និងខាងកើតអ៊ុយក្រែន។ ដោយមានដ្រូនចំនួន ២១ គ្រឿងវាយប្រហារទៅលើគោលដៅចំនួន ៩។
ក្រសួងថាមពលអ៊ុយក្រែនបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័ននៅក្នុងតំបន់ Sumy, Poltava, Donetsk, Chernihiv, Kharkiv និង Zaporizhia ត្រូវបានវាយប្រហារ។ នៅ Sumy ថាមពលត្រូវបានផ្អាកបណ្តោះអាសន្នបន្ទាប់ពីការវាយប្រហារបង្កការខូចខាតស្ថានីយ៍រងសំខាន់។ ខណៈពេលដែលនៅ Poltava កន្លែងផលិតឧស្ម័នធំមួយបានរងការខូចខាតយ៉ាងច្រើន។
ផ្ទុយទៅវិញ រុស្ស៊ីបាននិយាយថា អង្គភាពការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ UAV អ៊ុយក្រែន ២៦ គ្រឿង ក្នុងមួយយប់។ ក្នុងនោះមាន ១៥ គ្រឿងនៅតំបន់ Rostov, ៤ នៅ Oryol, ៣ នៅ Belgorod, ២ នៅ Bryansk និង ២ នៅ Kursk។
អភិបាលស្តីទីនៃតំបន់ Rostov លោក Yuri Slyusar បានប្រាប់ថា ដ្រូនត្រូវបានស្ទាក់ចាប់នៅ Rostov-on-Don, Taganrog, Novoshakhtinsk និងស្រុកជាច្រើន។ ទោះជាដ្រូនបណ្តាលឱ្យផ្ទះឯកជន និងរថយន្តខ្លះខូចខាតក៏ដោយ ក៏មិនមានអ្នករងរបួសឡើយ៕