(វៀតណាម)៖ នៅវេលាម៉ោង ១០.១៥ នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណយ បៃ នៃទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ទី៣ ខែសីហា ឆ្នាំ២០២៥។
ក្នុងដំណើរអញ្ជើញដល់របស់ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីសំណាក់ ឯកឧត្តម Bui Thanh Son សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម Ngyuen Manh Cuong សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេស, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំវៀតណាមជាច្រើនរូបទៀត។