Breaking៖ បាតុករជាង៨៩០នាក់ ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីននៅទីក្រុងឡុងដ៍!

ប៉ូលីសទីក្រុងឡុងដ៍ (Metropolitan Police) បានប្រកាសកាលពីថ្ងៃអាទិត្យទី៧ខែសីហា ថាបាតុករចំនួន៨៩០នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ាដ៏ធំមួយកាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញការគាំទ្រដល់ក្រុម Palestine Action ដែលត្រូវបានហាមឃាត់។
ប្រភពពីសារព័ត៌មានAnadolu Agency។

យោងតាមការប្រាប់ព័ត៌មានរបស់ប៉ូលីស មាន ៨៥៧ នាក់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់ភេរវកម្មឆ្នាំ 2000 ពីបទបង្ហាញការគាំទ្រដល់ក្រុមដែលរដ្ឋាភិបាលចក្រភពអង់គ្លេសកំណត់ថាជាអង្គការដែលហាមឃាត់។ ខណៈដែល ៣៣ នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈ រួមទាំង ១៧ នាក់ ដែលត្រូវចោទប្រកាន់ពីបទវាយលុកមន្ត្រីប៉ូលីស បន្ទាប់ពីផ្នែកខ្លះនៃការតវ៉ាបានក្លាយទៅជាហិង្សា។

អ្នកត្រូវបានអត្តសញ្ញាណត្រឹមត្រូវ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដើម្បីបង្ហាញខ្លួនម្ដងទៀតនៅពេលក្រោយ។ ស្របពេលនោះ អ្នកដែលបដិសេធមិនផ្តល់ព័ត៌មានលម្អិត ត្រូវបាននាំទៅឃុំឃាំងនៅក្នុងទីក្រុងឡុងដ៍។

ជំនួយការស្នងការរង Claire Smart ដែលដឹកនាំប្រតិបត្តិការប៉ូលីស បានអះអាងថា ការហិង្សានៅពេលតវ៉ា ត្រូវបាន “រៀបចំ និងអនុវត្តដោយក្រុមមួយក្នុងគោលបំណងបង្កើតភាពវឹកវរយ៉ាងខ្លាំង”។ នាងបន្ថែមថា ប្រមាណ ១,៥០០ នាក់ បានចូលរួមក្នុងការបាតុកម្មលើកនេះ។

នេះមិនមែនជាលើកដំបូងនៃការចាប់ខ្លួនដ៏ធំទេ។ កាលពីខែមុន ប៉ូលីសបានឃុំខ្លួនអ្នកតវ៉ាជាង ៥០០ នាក់ ក្នុងកម្មវិធីស្រដៀងគ្នា។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានដាក់បញ្ចូល Palestine Action ជាក្រុមត្រូវហាមឃាត់កាលពីខែកក្កដា ២០២៥ ក្រោមច្បាប់ភេរវកម្ម។ ការសម្រេចចិត្តនេះបានបណ្តាលឲ្យមានការចាប់ខ្លួនរាប់រយនាក់ ពីបទកាន់សញ្ញា ឬបង្ហាញការគាំទ្រដល់ក្រុមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *