កង​ទ័ព​នេប៉ាល់​ធ្វើ​ចលនា​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ បន្ទាប់​ពី​អំពើ​ហិង្សា​តវ៉ា​កាន់​តែ​ខ្លាំង!

KATHMANDU (Reuters)៖ កងទ័ពនេប៉ាល់បានដាក់ “បញ្ជាហាមប្រាម” ខណៈដែលភាពស្ងប់ស្ងាត់បានកើតមាន នៅក្នុងប្រទេសកាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីការតវ៉ារីករាលដាលដកក្តៅគគុក ដែលបានបណ្តេញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី KP Sharma Oli។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារ Reuters។

កងទ័ពនេប៉ាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បទបញ្ជាហាមប្រាមនឹងនៅតែជាធរមានរហូតដល់ម៉ោង 5:00 ល្ងាចថ្ងៃនេះ (1115GMT) បន្ទាប់មកបម្រាមគោចរនឹងត្រូវដាក់នៅទូទាំងប្រទេសចាប់ពីម៉ោង 6:00 ព្រឹកថ្ងៃព្រហស្បតិ៍ (0015 GMT, ថ្ងៃពុធ)” នេះបើយោងតាមសារព័ត៌មាន Himalayan Times ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការសម្រេចចិត្តបន្ថែមទៀតនឹងត្រូវធ្វើឡើងអាស្រ័យលើស្ថានភាពសន្តិសុខដែលកំពុងវិវត្ត”។

ទាហានត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស កាលពីយប់ថ្ងៃអង្គារ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Oli បានចុះចេញពីតំណែងក្រោមសម្ពាធពីក្រុមបាតុករដែលបានដុតបំផ្លាញអគាររដ្ឋាភិបាលសំខាន់ៗ រួមទាំងសភា លំនៅដ្ឋានឯកជន និងការិយាល័យប្រធានាធិបតីរបស់លោក។

នៅតំបន់ Singha Durbar ដែលជាផ្ទះរបស់ក្រសួងសំខាន់ៗ ក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។  ក្រសួងសុខាភិបាល និងប្រជាជន រួមជាមួយនឹងការិយាល័យរដ្ឋាភិបាលផ្សេងទៀត រួមទាំងតុលាការកំពូល ត្រូវបានបំផ្លាញទាំងស្រុង។

«យ៉ាងហោចណាស់បាតុករ 20 នាក់ ដែលភាគច្រើនជាយុវជនត្រូវបានសម្លាប់ និងជិត 350 នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃចន្ទ នៅពេលដែលការតវ៉ាបានផ្ទុះឡើងបន្ទាប់ពីការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរដ្ឋាភិបាល»។

ទាហាន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់ ខណៈ​ក្រុម​បាតុករ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ព្រម​ទាំង​ដោះលែង​អ្នក​ទោស។

ថ្លែងទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃអង្គារ អគ្គមេបញ្ជាការកងទ័ពលោក Ashok Raj Sigdel បានអំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងធ្វើការសន្ទនាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសហិមាល័យមួយនេះ។

ទោះបីជាមិនមានមេដឹកនាំជាក់លាក់ណាមួយនៃចលនាតវ៉ានេះក៏ដោយ កងកម្លាំងសន្តិសុខត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំជាមួយនឹងអ្នកដែលដឹកនាំបាតុកម្មមួយចំនួន។

ដោយឡែកពីគ្នា ប្រទេសចិនកាលពីថ្ងៃពុធបានសម្តែងក្តីសង្ឃឹមថាគ្រប់ភាគីនៅក្នុងប្រទេសនេប៉ាល់ “អាចដោះស្រាយបញ្ហាក្នុងស្រុកបានត្រឹមត្រូវ និងស្តារសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោក Lin Jian បាន​និយាយ​ថា​ប្រជាជាតិ​ទាំង​ពីរ​ជា​ប្រទេស​ជិត​ខាង​ជា​ប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *