កាលពីថ្ងៃសៅរ៍ទី១៣ខែកញ្ញា ប្រទេសនេប៉ាល់ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង បន្ទាប់ពីរដ្ឋបាលបណ្តោះអាសន្នដែលដឹកនាំដោយអតីតប្រធានចៅក្រម ស៊ូស៊ីឡា ការកិ (Sushila Karki) ជានាយករដ្ឋមន្ត្រី បានចូលកាន់តំណែង។
ប្រភពពីសារព័ត៌មាន Anadolu Agency។
បម្រាមគោចរ និងបទបញ្ជាហាមឃាត់ត្រូវបានដកចេញនៅក្នុងទីក្រុងកាត្មាន់ដូ ទោះបីជាតំបន់រសើបមួយចំនួននៅតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ។ ការរឹតបន្តឹងទាំងនេះត្រូវបានដាក់ចេញ ក្រោយពីការតវ៉ារីករាលដាលកាលពីដើមសប្ដាហ៍ បានផ្លាស់ប្តូរទៅជាហិង្សា។
តាមការបញ្ជាក់របស់អាជ្ញាធរ ការតវ៉ាដែលចាប់ផ្តើមពីការប្រឆាំងនឹងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម បាននាំឲ្យយ៉ាងហោចណាស់ 51 នាក់ស្លាប់ និងរាប់រយនាក់រងរបួស ចាប់តាំងពីថ្ងៃចន្ទមក។ ការតវ៉ាបានក្លាយជាចលនាទូលំទូលាយប្រឆាំងនឹងអំពើពុករលួយ និងបក្ខពួកនិយមក្នុងចំណោមឥស្សរជននយោបាយ ដោយក្រុមបាតុករផ្តោតការវាយប្រហារលើអគារសាធារណៈ រួមទាំងលំនៅដ្ឋាន និងតុលាការកំពូល។
លោកស្រី Karki ត្រូវបានប្រធានាធិបតី រ៉ាមចន្ទ្រ៉ា បោឌែល (Ramchandra Paudel) តែងតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសកាលពីថ្ងៃសុក្រ ក្នុងជំហានមួយដែលមិនធ្លាប់មានពីមុន។ ការតែងតាំងនេះក៏មានលក្ខណៈពិសេស ព្រោះលោកស្រីមិនមែនជាសមាជិកសភាទេ។
ភ្លាមៗបន្ទាប់ពីការផ្តល់សច្ចាប្រណិធាន សភាជាតិនេប៉ាល់ដែលមាន 275 អាសនៈ ត្រូវបានរំលាយ ដោយមានគ្រោងនឹងធ្វើការបោះឆ្នោតជាតិថ្មី នៅខែមីនាខាងមុខ៕