Breaking៖ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសថាទង់ជាតិរបស់ប្រទេសមិនត្រូវប្រើប្រាស់នៅក្នុងអំពើហិង្សាឡើយ!

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Sir Keir Starmer បានប្រកាសយ៉ាងរឹងមាំថា ទង់ជាតិអង់គ្លេសនឹងមិនត្រូវប្រគល់ឱ្យក្រុមដែលប្រើវាជានិមិត្តសញ្ញានៃអំពើហិង្សា ការភ័យខ្លាច និងការបែកបាក់ឡើយ។
ប្រភពពីសារព័ត៌មានBBCនៅថ្ងៃទី១៤ខែកញ្ញា។

ការប្រកាសនេះកើតឡើង បន្ទាប់ពីមនុស្សជាង 150,000 នាក់ ចូលរួមក្នុងការដង្ហែក្បួន “រួបរួមព្រះរាជាណាចក្រ” ដែលរៀបចំដោយសកម្មជនស្តាំជ្រុល Tommy Robinson នៅកណ្តាលទីក្រុងឡុងដ៍។ ខណៈពេលដដែល មានអ្នកប្រឆាំងប្រហែល 5,000 នាក់ ដែលសម្របសម្រួលដោយក្រុម Stand Up To Racism ចូលរួមផងដែរ។

ក្រុមអ្នកតវ៉ាត្រូវបានប៉ូលីសជិះសេះរារាំង នៅពេលដែលភាពតានតឹងផ្ទុះឡើង។ ប៉ូលីសបានបញ្ជាក់ថា មានមន្ត្រី 26 នាក់រងរបួស ក្នុងនោះ 4 នាក់រងរបួសធ្ងន់ ខណៈដែលមានមនុស្ស 24 នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សា។

លោក Starmer បានសង្កត់ថា ទង់ជាតិអង់គ្លេសគឺជានិមិត្តសញ្ញានៃភាពចម្រុះ ការអត់ឱន និងការគោរព។ គាត់បាននិយាយថា ប្រជាពលរដ្ឋអាចប្រើសិទ្ធិតវ៉ាស្របច្បាប់ តែរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានអំពើហិង្សា ឬការធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាចដោយសារភាពខុសគ្នានៃស្បែក ឬផ្ទៃខាងក្រោយរបស់ពួកគេឡើយ។

លេខាធិការពាណិជ្ជកម្ម លោក Peter Kyle បានហៅស្ថានភាពនេះថា ជា “សំឡេងរោទិ៍” ដែលតម្រូវឱ្យរដ្ឋាភិបាលកែលម្អការដោះស្រាយកង្វល់ធំៗ ដូចជាបញ្ហាចំណាកស្រុក។ គាត់បានបន្ថែមថា តួអង្គដូចជា Tommy Robinson កំពុងបង្កការរំជើបរំជួល និងការបែកបាក់ក្នុងសង្គម។

ស្ថានភាពបានកាន់តែប្រសើរឡើងក្នុងអំឡុងថ្ងៃសៅរ៍ ប៉ុន្តែពេលរសៀលមានការប៉ះទង្គិចធ្ងន់ៗ។ មន្ត្រីប៉ូលីសបានប្រើដំបងដើម្បីជំរុញហ្វូងមនុស្ស ខណៈដែលមន្ត្រីខ្លះត្រូវបានវាយ។

ទោះបីជាការតវ៉ាមានភាពវឹកវរយ៉ាងណាក៏ដោយ លោក Starmer បានបញ្ជាក់ថា អង់គ្លេសជាប្រទេសដែលមានមោទនភាពក្នុងការកសាងសង្គមលើមូលដ្ឋាននៃភាពចម្រុះ និងសេរីភាព ហើយទង់ជាតិរបស់ពួកគេនឹងនៅតែជានិមិត្តសញ្ញានៃការរួបរួម មិនមែនជាឧបករណ៍បំបែកសង្គមឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *