នៅថ្ងៃទី២១ ខែកញ្ញា កងយោធពលខេមរភូមិន្ទថៃ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយឆ្លើយតបទៅនឹងការទាមទារ របស់កម្ពុជា ដែលបានដាក់លិខិតតវ៉ា និងជំទាស់ទៅរដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងតំបន់ Ban Nong Ya Kaew ។
ប្រភពពីសារព័ត៌មានKhaosod។
ឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា តំបន់នោះជាទឹកដីថៃ ពុំស្ថិតក្នុងតំបន់ជម្លោះនោះទេ ហើយសកម្មភាពរបស់ថៃ មិនផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ។
គាត់បានចោទប្រកាន់កម្ពុជាថា បំភ្លៃការពិត ញុះញង់ឲ្យមានភាពចលាចល និងប្រើប្រាស់ពលរដ្ឋខ្មែរ ដើម្បីបង្កស្ថានការណ៍ហិង្សា។
ក្នុងសេចក្តីថ្លែងការណ៍ថែមទៀត ថៃបានលើកឡើងថា ខណៈពេលកម្ពុជា បានដាក់តវ៉ាជាផ្លូវការ ពីបទបំពានលើ MOU 2000 កាលពីថ្មីៗនេះ កងយោធាថៃក៏បានដាក់តវ៉ាជាង 500 ដង ក្នុងរយៈពេល 20 ឆ្នាំកន្លងមក ប៉ុន្តែកម្ពុជាមិនបានអើពើ ឬធ្វើការកែតម្រូវតាមច្បាប់ឡើយ។
កងយោធាថៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃមានបំណងដោះស្រាយបញ្ហាព្រំដែនតាម មធ្យោបាយសន្តិវិធី មិនប្រើកម្លាំងសម្រាប់ឈ្លានពាននរណាទេ។
ប្រតិបត្តិការទាំងឡាយ ដែលធ្វើឡើង ស្ថិតនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងច្បាប់ថៃ ដើម្បីថែរក្សាអធិបតេយ្យភាព និងការពារប្រឆាំងនឹងអ្វីដែលថៃហៅថា “គំរាមកំហែង” ពីកម្ពុជា។
វិវាទព្រំដែននៅតំបន់ Ban Nong Ya Kaew កំពុងបន្តក្លាយជាចំណុចក្តៅ ក្នុងទំនាក់ទំនងកម្ពុជា–ថៃ ដែលត្រូវការការចរចា ដើម្បីជៀសវាងភាពតានតឹង និងស្ថានការណ៍បន្ថែម៕