តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានប្រកាសចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏ឃោរឃៅរបស់គាត់។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី២៣ខែកញ្ញា។
បុរសអាយុ ៨០ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ថាជាសហឧក្រិដ្ឋជនដោយប្រយោលក្នុងឃាតកម្មរាប់សិបករណី ដែលតុលាការថា បានអនុវត្តដោយប៉ូលិស និងក្រុមផ្សេងៗ ក្នុងអំឡុងពេលដែលគាត់ជាអភិបាលក្រុង Davao និងពេលកាន់តំណែងជាប្រធានាធិបតី (២០១៦–២០២២)។
បទចោទប្រកាន់ទីមួយ៖ ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ១៩ នាក់ នៅ ទីក្រុង Davao ចន្លោះឆ្នាំ ២០១៣-២០១៦។ ទីពីរ៖ ទាក់ទងនឹងឃាតកម្ម “គោលដៅតម្លៃខ្ពស់” ចំនួន ១៤ នៅទូទាំងប្រទេស។ ទីបី៖ ពាក់ព័ន្ធនឹងឃាតកម្ម និងការប៉ុនប៉ងសម្លាប់ ៤៥ ករណី ក្នុងប្រតិបត្តិការបោសសម្អាតភូមិ។
ព្រះរាជអាជ្ញា ICC បានបញ្ជាក់ថា លោក Duterte និងសហការីរបស់គាត់ បានចែករំលែកផែនការរួមមួយក្នុងគោលបំណង “បន្សាប” អ្នកដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងគ្រឿងញៀន។
តាមទិន្នន័យផ្លូវការ សកម្មភាពបង្រ្កាបគ្រឿងញៀនបានបណ្ដាលឱ្យមនុស្សជាង ៦,០០០ នាក់ស្លាប់ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សជឿថា តួលេខពិតអាចឈានដល់ រាប់ម៉ឺននាក់។
បច្ចុប្បន្នលោក Duterte ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ តាំងពីខែមីនា និងកំពុងត្រូវឃុំខ្លួននៅទីនោះ។ មេធាវីរបស់គាត់អះអាងថា គាត់មិនអាចចូលសវនាការបានទេ ដោយសារសុខភាពខ្សោយ។
កាលពីខែឧសភា ទោះជាកំពុងនៅក្នុងគុក ក៏ដោយ លោក Duterte ត្រូវបានបោះឆ្នោតជ្រើសរើសជាអភិបាលក្រុង Davao ម្តងទៀត។ កូនប្រុសរបស់គាត់ Sebastian Duterte បានបន្តធ្វើជាអភិបាលក្រុងស្តីទី។
អ្នកគាំទ្ររបស់លោក Duterte បានចោទប្រកាន់ថា ការចោទប្រកាន់នេះជាឧបករណ៍នយោបាយ ដែលប្រើដោយប្រធានាធិបតីបច្ចុប្បន្ន Ferdinand Marcos Jr. ដែលមានភាពតានតឹងជាមួយគ្រួសារ Duterte។
ទោះបីជា ICC ចោទប្រកាន់ក៏ដោយ ក៏តុលាការមិនអាចអនុវត្តដីកាចាប់ខ្លួនបាន បើគ្មានកិច្ចសហការពីរដ្ឋាភិបាលហ្វីលីពីន។ លោក Marcos Jr. កាលពីមុនបានបដិសេធគំនិតសហការជាមួយ ICC ហើយនេះក្លាយជាបញ្ហានយោបាយដ៏ស្មុគស្មាញក្នុងប្រទេស៕