ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ទី២៤ កញ្ញា ២០២៥ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៥ នាក់ ក្នុងចំណោមនោះមានស្ត្រី និងកុមារច្រើន។ សកម្មភាពនេះកើតឡើងទោះបីជាមេដឹកនាំពិភពលោកបានអំពាវនាវឲ្យមានបទឈប់បាញ់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ។
ប្រភពពីសារព័ត៌មាន Al Jazeera។
ការវាយប្រហាររួមមានការបាញ់គោលដៅជាច្រើន រួមទាំងពហុកីឡដ្ឋានមួយនៅជំរុំជនភៀសខ្លួន Nuseirat ដែលត្រូវបានបំលែងជាជម្រកបណ្តោះអាសន្ន។ ក្នុងហេតុការណ៍នោះ មានអ្នកស្លាប់យ៉ាងតិច ១២ នាក់ រួមទាំងស្ត្រី ៧ នាក់ និងកុមារ ២ នាក់។ ពហុកីឡដ្ឋាន al-Ahli ក៏បានក្លាយជាកន្លែងសោកស្តាយបន្ថែម បន្ទាប់ពីជនភៀសខ្លួនជាច្រើនត្រូវស្លាប់ និងរបួស។
នៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir el-Balah ប្រជាជនកាន់ទុក្ខសម្រាប់មនុស្សស្លាប់ ដែលត្រូវបាននាំមកបញ្ចុះបញ្ចូលក្រោយការវាយប្រហារ។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ al-Shifa បានពិពណ៌នាថា មន្ទីរពេទ្យនេះក្លាយជាទីកន្លែងសត្តឃាត និងទីបញ្ចុះសព ដោយសារគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលមនុស្សរងរបួសច្រើន។
អង្គការសហប្រជាជាតិបានព្រមានថា សកម្មភាពរបស់អ៊ីស្រាអែលកំពុងបង្កការភ័យខ្លាច និងបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា។ ក៏ប៉ុន្តែឧត្តមសេនីយ៍អ៊ីស្រាអែល លោកEyal Zamir ឲ្យដំណឹងថា កងទ័ពបានជំរុញប្រជាជនឲ្យផ្លាស់ទីទៅភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេ។ ទោះជាយ៉ាងណា គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ អះអាងថាវាជាគោលនយោបាយសំដៅលើការគ្រប់គ្រងជាអចិន្ត្រៃយ៍លើហ្គាហ្សា។
អង្គការសហប្រជាជាតិ និងអង្គការពិភពលោកជាច្រើន កំពុងព្រមានថា ប្រសិនបើមិនមានបទឈប់បាញ់យ៉ាងឆាប់រហ័ស នោះវិបត្តិមនុស្សធម៌នៅហ្គាហ្សានឹងកាន់តែធ្ងន់ធ្ងរ៕