អាជ្ញាធរអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាថា ពួកគេបានចាប់ខ្លួនជនជាតិអាមេរិក-អ៊ីស្រាអែលចំនួនពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការជាមួយចារកម្មឲ្យអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters។
ប៉ូលីសអ៊ីស្រាអែលបានបញ្ជាក់ឈ្មោះ Yaakov Perl អាយុ 49 ឆ្នាំ ក្នុងនាមជាសមាជិកសំខាន់នៃបណ្តាញសហការជាមួយអ៊ីរ៉ង់។ អាជ្ញាធរបាននិយាយថា Perl នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការនៅពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងបេសកកម្មប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេស។
អ្នកស៊ើបអង្កេតបានអះអាងថា Perl បានធ្វើទំនាក់ទំនងជាលើកដំបូងជាមួយអាជ្ញាធរអ៊ីរ៉ង់នៅស្ថានទូតអ៊ីរ៉ង់ ប្រទេសម៉ារ៉ុក ក្នុងឆ្នាំ 2017 ដោយស្វែងរកសិទ្ធិជ្រកកោនសម្រាប់ខ្លួន និងគ្រួសារ។ ក្រោយមក គាត់បានបោះពុម្ពអត្ថបទរិះគន់អ៊ីស្រាអែលនៅលើវេទិការបស់អ៊ីរ៉ង់ ហើយបន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំ Hezbollah លោក Hassan Nasrallah ដើមឆ្នាំនេះ គាត់ត្រូវបានអះអាងថា យល់ព្រមសហការជាមួយប្រតិបត្តិករអ៊ីរ៉ង់។
ប៉ូលីសអះអាងថា Perl បានត្រឡប់ទៅអ៊ីស្រាអែលវិញនៅខែកក្កដា ហើយចាប់ផ្តើមបំពេញបេសកកម្មប្រមូលព័ត៌មាន ស្តីពីបុគ្គលមានឋានៈខ្ពស់ រួមទាំងអតីតមេទ័ព Herzi Halevi និងរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយម Itamar Ben-Gvir។ គាត់ត្រូវបានចោទប្រកាន់ថា បានថតទីតាំងយុទ្ធសាស្ត្រជាច្រើននៅទូទាំងប្រទេស ព្យាយាមជ្រើសរើសអ្នកផ្សេងទៀត និងទទួលបានប្រាក់ឧបត្ថម្ភតាមរយៈរូបិយប័ណ្ណឌីជីថល។
អាជ្ញាធរបានពិពណ៌នាសកម្មភាពរបស់គាត់ថាមានចេតនា និងគ្រោះថ្នាក់ហើយបញ្ជាក់ថាបំណងរបស់គាត់គឺ មនោគមវិជ្ជា និងប្រឆាំងនឹងគោលនយោបាយស៊ីអូនីស្ត។ ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់ផ្តល់មតិយោបល់លើការអះអាងនេះឡើយ។
ក្នុងខែចុងក្រោយៗនេះ អ៊ីស្រាអែលបានប្រកាសអំពីការចាប់ខ្លួនជាច្រើននាក់ ពាក់ព័ន្ធនឹងចារកម្មអ៊ីរ៉ង់ ទោះបីជាមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ៕