កាលពីថ្ងៃអាទិត្យទី 28 ខែកញ្ញា បានក្លាយជាថ្ងៃដ៏សោកសៅសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅ Grand Blanc Township ខណៈដែលបុរសម្នាក់បានបើកបាញ់ប្រហារនៅខាងមុខព្រះវិហារ ធ្វើឱ្យមនុស្ស៤នាក់ស្លាប់និង៨នាក់ផ្សេងទៀតរងរបួស។
ប្រភពពីសារព័ត៌មាន CNN។
ប៉ូលីសបានបញ្ជាក់ថា ជនជាតិអាមេរិកនោះមានឈ្មោះ Thomas Jacob Sanford អាយុ ៤០ ឆ្នាំ មកពីទីក្រុង Burton។ គាត់បានបើករថយន្តឆ្លងកាត់ខាងមុខវិហារពេលមានពិធីបម្រើការធំ ហើយបានចាប់ផ្តើមបាញ់ប្រហារ។ បន្ទាប់មក Sanford បានបង្កឲ្យមានភ្លើងឆេះយ៉ាងធំ។ ប៉ូលីសបានឆ្លើយតបភ្លាមៗ និងបានបាញ់សម្លាប់ Sanford នៅកន្លែងកើតហេតុ។
ស្ថានភាពនៅកន្លែងកើតហេតុពោរពេញដោយក្រុមឆ្លើយតបបឋម ព្រមទាំងអគ្គីភ័យ ប៉ូលីស និងសេវាសង្គ្រោះបន្ទាន់។ ផ្លូវជុំវិញព្រះវិហារត្រូវបានបិទ ខណៈដែលអ្នកស្រុកជាច្រើនត្រូវរង់ចាំយករថយន្តរបស់ខ្លួនវិញក្រោយពីគេចតចោល។
សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ហើយក្រុមស៊ើបអង្កេតកំពុងបន្តស្វែងយល់ពីចេតនារបស់ Sanford៕