កាលពីចុងសប្តាហ៍នេះក្រុមបាតុករបានធ្វើការតវ៉ាដោយឆ្លងកាត់ទីក្រុងយ៉ាងហោចណាស់ ១១ ក្នុងប្រទេសម៉ារ៉ុក ពោរពេញដោយយុវជនរាប់រយនាក់ ដែលបានបង្ហាញការខឹងសម្បារ ចំពោះរដ្ឋាភិបាល។ ពួកគេបាននិយាយថា រដ្ឋាភិបាលគួរតែចំណាយលើការវិនិយោគលើសុខភាព និងការអប់រំ ជាជាងចំណាយលើកីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី២៩ខែកញ្ញា។
បាតុករបានបិទផ្លូវហាយវេ និងប៉ះទង្គិចជាមួយប៉ូលិស ក្នុងការបង្ហាញការតវ៉ាដែលក្លាយជាការប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយរបស់ប្រទេសក្នុងរយៈពេលច្រើនឆ្នាំ។ ពួកគេបានស្រែកពាក្យស្លោកដូចជាកីឡដ្ឋាននៅទីនេះ ប៉ុន្តែតើមន្ទីរពេទ្យនៅឯណា? ដើម្បីបង្ហាញអំពីភាពមិនស្មើរគ្នារវាងការវិនិយោគសាធារណៈ និងតម្រូវការបឋមរបស់ប្រជាពលរដ្ឋ។
ប្រទេសម៉ារ៉ុកកំពុងចំណាយធនធានយ៉ាងច្រើនសម្រាប់ជួសជុល និងសាងសង់កីឡដ្ឋានយ៉ាងហោចណាស់ ៨ ដើម្បីរៀបចំជាម្ចាស់ផ្ទះ FIFA World Cup 2030 និងការប្រកួត Africa Cup of Nations នៅចុងឆ្នាំនេះ។ ការវិនិយោគនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច។
ប៉ុន្តែអ្នករិះគន់ថា ប្រព័ន្ធថែទាំសុខភាពក្នុងប្រទេសកំពុងខ្វះទំនិញ ស្ថាប័នសុខាភិបាលមួយចំនួនមិនមានឱសថគ្រប់គ្រាន់ ហើយមន្ទីរពេទ្យជាច្រើនកំពុងដំណើរការជិតដល់ស្ថានភាពអស់សង្ឃឹម។ “យើងមិនប្រឆាំងកីឡាទេ ប៉ុន្តែយើងត្រូវការថ្នាំព្យាបាល និងសាលារៀនសម្រាប់កូនៗយើងមុនគេ,” អ្នកបាតុកម្មវ័យក្មេងម្នាក់នៅទីក្រុង Fes បានប្រាប់សារព័ត៌មាន៕