កាលពីថ្ងៃទី៣០ខែកញ្ញា ស្ថានការណ៍នយោបាយ និងសង្គមនៅប្រទេសម៉ាដាហ្គាស្ការ កំពុងក្តៅឡើង បន្ទាប់ពីក្រុមយុវជន “Gen-Z” រាប់ពាន់នាក់បន្តធ្វើបាតុកម្មទាមទារបញ្ចប់បញ្ហាការដាច់ភ្លើង និងទឹកជាបន្តបន្ទាប់ ទោះបីជាប្រធានាធិបតី Andry Rajoelina បានរំលាយរដ្ឋាភិបាលក៏ដោយ។
ប្រភពពីសារព័ត៌មានBBC។
ប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែលបានចាប់ផ្តើមប្រមូលផ្តុំឡើងវិញនៅទីក្រុងអង់តាណាណារីវ៉ូ។ ការតវ៉ាដែលចាប់ផ្តើមនៅរាជធានីកាលពីសប្តាហ៍មុន ឥឡូវបានរាលដាលទៅកាន់ទីក្រុងជាង ៨ នៅទូទាំងប្រទេស។
អង្គការសហប្រជាជាតិបានលើកឡើងថា មានអ្នកស្លាប់យ៉ាងហោចណាស់ 22 នាក់ និងរងរបួសជាង 100 នាក់ ដោយចោទប្រកាន់កងកម្លាំងសន្តិសុខថាបានប្រើកម្លាំងមិនសមាមាត្រក្នុងការបង្ក្រាបបាតុករ។ ទោះយ៉ាងណា រដ្ឋាភិបាលម៉ាដាហ្គាស្ការបានច្រានចោលតួលេខនេះ ដោយអះអាងថា គឺជាព័ត៌មានមិនពិត៕