Breaking៖ ក្រុមសង្គ្រោះ កំពុងជួយអ្នកឡើងភ្នំរាប់រយនាក់ ដែលជាប់នៅលើជម្រាលភ្នំអេវឺរ៉េសនៃប្រទេសចិន!

នៅថ្ងៃទី 6 តុលា ឆ្នាំ 2025 ក្រុមជួយសង្គ្រោះនៅតំបន់ទីបេកំពុងប្រឹងប្រែងជួយសង្គ្រោះអ្នកឡើងភ្នំរាប់រយនាក់ ដែលជាប់នៅលើជម្រាលភ្នំអេវឺរ៉េសនៃប្រទេសចិន បន្ទាប់ពីព្យុះព្រិលដ៏ខ្លាំងបានវាយប្រហារតំបន់ជិតភ្នំអេវឺរ៉េស បណ្តាលឲ្យមនុស្សជាប់នៅតំបន់ជម្រាលខ្ពស់នៃភ្នំដែលមានកម្ពស់ជាង 4,900 ម៉ែត្រ។
ប្រភពពីសារព័ត៌មានBBC។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា អ្នកភូមិ និងក្រុមជួយសង្គ្រោះជាច្រើនរយនាក់ត្រូវបានគេដាក់ពង្រាយ ដើម្បីសម្អាតព្រិលដែលរារាំងផ្លូវទៅកាន់តំបន់។ ដល់ពេលនេះ ក្រុមជួយសង្គ្រោះបានដឹកនាំមនុស្ស ជាង 350 នាក់ ទៅកាន់ទីសុវត្ថិភាព នៅក្នុងភូមិតូចមួយឈ្មោះ Qudang ខណៈដែលអ្នកឡើងភ្នំប្រមាណ 200 នាក់ នៅតែជាប់នៅលើភ្នំ។

ព្យុះព្រិលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ ហើយកាន់តែខ្លាំងឡើងក្នុងថ្ងៃបន្ទាប់ នៅជម្រាលភាគខាងកើតនៃភ្នំអេវឺរ៉េស ដែលជាតំបន់ពេញនិយមសម្រាប់អ្នកស្នេហា ការឡើងភ្នំ។

អ្នកឡើងភ្នំស្រីជនជាតិចិន Geshuang Chen អាយុ 29 ឆ្នាំ បាននិយាយថា ក្រុមរបស់នាងដែលមានសមាជិកជាង 10 នាក់ បានចេញដំណើរពី Qudang ដើម្បីទៅជំរុំមូលដ្ឋាន Cho Oyu កាលពីថ្ងៃទី 4 តុលា ប៉ុន្តែត្រូវប្រទះនឹងព្យុះខ្លាំង។

នៅពេលយើងភ្ញាក់ពីដំណេក ព្រិលធ្លាក់ជម្រៅប្រហែលមួយម៉ែត្រ ហើយខ្យល់ក៏បោកខ្លាំងណាស់។ យើងសម្រេចចិត្តត្រលប់មកវិញ។ ខ្ញុំសំណាងណាស់ដែលបានចេញពីតំបន់នោះ។
នាង Chen បន្ថែមថា ទោះបីជាក្រុមមានបទពិសោធន៍ក្នុងការឡើងភ្នំក៏ដោយ ក៏ព្យុះនេះពិបាកដោះស្រាយខ្លាំងណាស់។

សូមបញ្ជាក់ថា ភ្នំអេវឺរ៉េស ដែលមានកំពស់ 8,849 ម៉ែត្រ ត្រូវបានគេចាត់ទុកថាជាកំពូលភ្នំខ្ពស់បំផុត និងគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ទោះបីជាមនុស្សរាប់ពាន់នាក់ព្យាយាមឡើងកំពូលជារៀងរាល់ឆ្នាំក៏ដោយ តែព្រិល និងអាកាសធាតុប្លែកបែបនេះ បង្ហាញថាធម្មជាតិនេះនៅតែមិនអាចទាយទុកជាមុនបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version