Breaking៖ ក្រុមហាម៉ាស់ ស្នើឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈកិច្ចចរចារយៈពេល២ថ្ងៃបានបញ្ចប់!

ក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានបញ្ចប់ការចរចាជាសម្ងាត់រយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាលើសំណើសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងនៅទីក្រុងរមណីយដ្ឋាន Sharm el-Sheikh ប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អាមេរិក និងកាតា។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី៨ខែតុលា។

ថ្លែងនៅឯសេតវិមានក្នុងឱកាសគម្រប់ខួបលើកទី ២ នៃការចាប់ផ្តើមសង្គ្រាម លោក Trump បាននិយាយថា មានឱកាសពិតប្រាកដនៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ហ្គាហ្សា”។ ទោះជាយ៉ាងណា កិច្ចចរចានៅថ្ងៃអង្គារបានបញ្ចប់ ដោយមិនទាន់ទទួលបានលទ្ធផលជាក់លាក់។

នៅពេលដដែល ក្រុមប៉ាឡេស្ទីនជាច្រើន រួមទាំងក្រុមហាម៉ាស់ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថា នឹងបន្ត តស៊ូគ្រប់មធ្យោបាយដោយបដិសេធមិនព្រមប្រគល់អាវុធរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នេះត្រូវបានមើលថាជាការឆ្លើយតបចំពោះតម្រូវការសំខាន់មួយក្នុងផែនការ ២០ ចំណុច របស់លោក Trump ដែលនិយាយអំពីការរំសាយអាវុធរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Fawzi Barhoum បានបញ្ជាក់ថា ក្រុមរបស់គាត់ស្វែងរក “ការបញ្ចប់សង្គ្រាម និងការដកទ័ពកាន់កាប់ទាំងស្រុង” របស់អ៊ីស្រាអែលចេញពីហ្គាហ្សា។ ប៉ុន្តែផែនការរបស់ Trump មិនបានបញ្ជាក់ពេលវេលាជាក់លាក់សម្រាប់ការដកទ័ពនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *