Breaking៖ អាមេរិក បញ្ជូនទាហាន២០០នាក់ទៅអ៊ីស្រាអែល ដើម្បីជួយត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា!

នៅថ្ងៃទី10 ខែតុលា ឆ្នាំ2025 មន្ត្រីអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានប្រហែល 200 នាក់ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយគាំទ្រនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAP។

ការផ្ញើកម្លាំងនេះជាផ្នែកមួយនៃក្រុមអន្តរជាតិនានា ដែលរួមមានប្រទេសដៃគូ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ តាមការបញ្ជាក់របស់មន្ត្រីដែលមិនបង្ហាញឈ្មោះ បាននិយាយថា ទីបញ្ជាការកណ្តាល (CENTCOM) នឹងបង្កើតមជ្ឈមណ្ឌលមួយឈ្មោះថាមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលយោធានៅក្នុងប្រទេសអ៊ីស្រាអែល។ មជ្ឈមណ្ឌលនេះនឹងមានតួនាទីសំខាន់ក្នុងការសម្របសម្រួលលំហូរជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកដឹកជញ្ជូននិងសន្តិសុខ ចូលទៅកាន់តំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំ។

ការបញ្ជូនទាហាននេះក៏ជាជំហានដំបូងមួយសំខាន់ បន្ទាប់ពីអ៊ីស្រាអែល និងក្រុម ហាម៉ាស បានយល់ព្រមលើដំណាក់កាលដំបូងនៃ ផែនការសន្តិភាពរបស់រដ្ឋបាល Trump ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ ទោះជាយ៉ាងណា សំណួរច្រើននៅតែជាប់សល់ បណ្តាលឲ្យមានការពិភាក្សាខ្លាំងអំពីអនាគតនយោបាយនៃហ្គាហ្សា រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ និងការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មី។

មន្ត្រីម្នាក់បានបន្ថែមថា ក្រុមសហរដ្ឋអាមេរិកនឹងជួយ តាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងគាំទ្រដល់ការផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិលនៅហ្គាហ្សា។

ការចូលរួមរបស់យោធាសហរដ្ឋអាមេរិកនៅក្នុងដំណើរនេះ ត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញពីការប្តេជ្ញារបស់វ៉ាស៊ីនតោនក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា បន្ទាប់ពីការប៉ះទង្គិចដ៏គ្រោះថ្នាក់ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version