កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃសុក្រទី១០ខែតុលា ខណៈកងទ័ពអ៊ីស្រាអែលចាប់ផ្តើមដកខ្លួនចេញពីតំបន់សំខាន់ៗក្នុងហ្គាហ្សា បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលអនុម័តផែនការដ៏សំខាន់មួយ ដែលត្រូវបានដឹកនាំដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
ប្រភពពីសារព័ត៌មានAP។
យោធាអ៊ីស្រាអែលបានប្រកាសនៅម៉ោងថ្ងៃត្រង់ថា បទឈប់បាញ់បានចូលជាធរមាន ដោយមានប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅ Wadi Gaza ឆ្ពោះទៅកាន់ភាគខាងជើង ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។ មុនពេលនោះ មានការរាយការណ៍អំពីការបាញ់ផ្លោងជាច្រើននៅពេលព្រឹក ប៉ុន្តែគ្មានការវាយប្រហារធ្ងន់ធ្ងរណាមួយត្រូវបានបញ្ជាក់ឡើយ។
បទឈប់បាញ់នេះត្រូវបានគេពិចារណាថាជាជំហានដ៏សំខាន់ក្នុងការបញ្ចប់សង្រ្គាមដែលបន្តរយៈពេល ២ ឆ្នាំ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបំផ្លាញហ្គាហ្សាឱ្យក្លាយជាគំនរបាក់បែក។ សង្គ្រាមនេះក៏បានបង្កឱ្យមជ្ឈិមបូព៌ាមានភាពអស្ថិរភាព និងបន្សល់ទុកចំណាប់ខ្មាំងជាច្រើននៅក្នុងតំបន់៕