(ភ្នំពេញ) ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា៕
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕