អ្នកភូមិព្រៃចាន់.ជោគជ័យ តស៊ូអត់ធ្មត់ និងមិនចុះចាញ់ ចំពោះការលំបាកនិងការគំរាមកំហែងពីថៃ!

(ភ្នំពេញ)៖ សូមជម្រាបថា ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុង​ភូមិ​សាស្ត្រ​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងភូមិបានណង​យ៉ា​កែវ និងភូមិបានណងចាន់ ឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវ ប្រទេសថៃ។
ភូមិ​ជាប់នឹងព្រំដែនប្រទេសថៃ ទាំងពីរនេះ មានចម្ងាយជាង៤០០គីឡូម៉ែត្រ ភាគ​ពា​យ័ព្យ នៃប្រទេសកម្ពុជា។

ភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានប្រជាពលរដ្ឋខ្មែរ មកតាំងទីលំនៅប្រមាណជា​៤​ ទសវត្សរ៍​មកហើយ តាំងពីអំឡុងទសវត្សរ៍៨០ ជាពេលវេលាខ្មែរកំពុងកើតមាន​សង្គ្រាម​ស៊ីវិល។
ជាជម្រកដែលប្រជាពលរដ្ឋខ្មែរបានរត់គេចចេញភ្លើងសង្គ្រាម​ស៊ីវិល​​​ដ៏ភ័យខ្លាច។

ក្នុងរយៈពេលប្រមាណ៤០ឆ្នាំ មកនេះ ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ​នេះ បានកើនឡើងជាបន្តបន្ទាប់។
លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​​បន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅភូមិព្រៃចាន់ មានប្រជាពលរដ្ឋ ២៥៥គ្រួសារ ស្មើនឹង ៧៣៧នាក់, ភូមិជោគជ័យ មានប្រជាពលរដ្ឋ ៧៣៥គ្រួសារ ស្មើនឹង ២,៥៥០គ្រួសារ។

ទសវត្សរ៍៨០ ជាពេលវេលាប្រទេសកម្ពុជា កំពុងជួបនឹងភ្លើងសង្គ្រាមស៊ីវិល និងការ​ប្រ​យុទ្ធ​​គ្នាដ៏ស្រួចស្រាវបំផុត បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយ​ផ្តួល​រំលំឆ្នាំ១៩៧៩ ដោយកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលសុទ្ធសឹងជាក្បាល​ម៉ា​ស៊ីនដឹកនាំគណបក្សប្រជាជនកម្ពុជា។

ក្រោយដួលរលំមេដឹកនាំរបប ប៉ុល ពត បាន​រត់​មកពួនជ្រកនៅតាមតំបន់ជាយដែនកម្ពុជា-ថៃ ហើយរួមកម្លាំងជាមួយចលនាដឹកនាំ​ដោយ​​សម្តេច នរោត្តម សីហនុ និងលោក​តា សឺន សាន បានរួមគ្នាវាយប្រយុទ្ធ​តទល់​ជា​​​មួយរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅពេលនោះ ​ប៉ុនប៉ង​កាន់​ទឹក​ដីឡើងវិញ។

ភ្លើងសង្គ្រាម និងយុទ្ធសាស្ត្រនយោបាយនានារបស់ចលនាតស៊ូជាយដែននាពេល​នោះ បាន​ធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើន បានរត់ភៀសខ្លួនមកតាំងទីលំនៅតំបន់ជាយ​ដែន រហូតបង្កើតបានជាភូមិឋាននៅទីនេះ រួមមានភូមិព្រៃចាន់ និងភូមិជោគជ័យផង​ដែរ។

ភូមិព្រៃចាន់ និងភូមិជោគ​ជ័យ ក្រៅ​ពី​ជាកន្លែងបម្រើនដល់ការជ្រកកោនរបស់​ពល​រដ្ឋ​ខ្មែរហើយនោះ ក៏ជា​តំបន់​សមរ​ភូមិមួយដ៏ខ្លាំងក្លាផងដែរ ប្រតិបត្តិការសឹកនៅ​តំបន់នេះ បានបន្សល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។

ក្រោយពេលខ្មែររកបានកិច្ចព្រមព្រៀងឈានទៅរកការឈប់ប្រយុទ្ធគ្នា គឺកិច្ច​ព្រម​ព្រៀង​​សន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រជាពលរដ្ឋខ្មែរដែល​ភៀស​ខ្លួនមករស់នៅទីនេះ មិនបានចាកចេញទៅណានោះឡើយ ហើយបន្តរស់នៅ​ទី​នេះ​រហូតមកដល់ពេលបច្ចុប្បន្ន។

អ្នកភូមិព្រៃចាន់ និងអ្នកភូមិជោគជ័យ បានតស៊ូរស់ជាមួយសំណល់នៃភ្លើងសង្គ្រាម​ រួម​មានដូចជាគ្រាប់មីន និងការលំបាកនានាជាច្រើនទៀត។

ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភូមិព្រៃចាន់ និងភូមិ​ជោគជ័យ ត្រូវបានអាជ្ញាធរកម្ពុជា ប្រតិបត្តិការបោសសំអាតមីនយកដីជូនប្រជាពល​រដ្ឋរស់នៅ និងធ្វើស្រែចម្ការប្រកបដោយសុខសុវត្ថិភាពរហូតមកដល់ពេលបច្ចុប្បន្ន។
បើ​ទោះ​បីយ៉ាងនេះក្តី បច្ចុប្បន្ននេះនៅមានផ្ទៃដីមួយចំនួនមិនទាន់បានបោសសំអាត​មីន​​នៅ​​ឡើយទេ។

រាប់ចាប់តាំងពីការចាប់ផ្តើមរត់ភៀសខ្លួន រស់នៅក្នុងជំរំភៀសខ្លួន រហូតដល់មានកិច្ច​ព្រម​ព្រៀង​​ទី​ក្រុងប៉ារីស និងរហូតដល់ការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ដោយនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះ ប្រជាពលរដ្ឋក្នុងភូមិជោគជ័យ និងព្រៃចាន់ និងភូមិមួយចំនួនទៀតនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ​ បានតស៊ូ​ក្រាញននៀល និងជម្នះការលំបាកយ៉ាងច្រើនមិនអាចគណនា​នោះ​ឡើយ ដូចជា​ការ​ប្រឹងរស់ជាមួយភាពអត់ឃ្លាន ការគេចពីទម្ងន់គ្រាប់ផ្លោងរវាងខ្មែរ និងខ្មែរ និង​ការ​រស់​នៅជាមួយគ្រាប់មីនជាដើម។

ជាផលបុណ្យដ៏វិសេសវិសាលណាស់ ក្នុងរយៈពេលជិត៣០ឆ្នាំក្រោយការបញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នា​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏ដូច​​ជាបណ្តាភូមិដទៃទៀតនៅជាយដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមាន​ជ័យ បានប្រឹងប្រែងកសាងជីវភាពរបស់ពួកគេឱ្យបានល្អប្រសើរ និងងើបចេញពីក្តី​វេទ​នា​ទាំង​ឡាយកាលពីអតីតកាល។

តែជាការសោកស្តាយក្នុងពេលបច្ចុប្បន្ននេះ ក្តីលំបាកវេទនាទាំងឡាយដែលអ្នកភូមិ​បានជួបក្នុងអតីតកាលនោះ បានវិលមកលងបន្លាចផ្លូវចិត្ត ផ្លូវកាយប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជាថ្មី ជាពិសេសអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ។ ចាប់ពីថ្ងៃទី១២ និង១៣ ខែ​សីហា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការឈ្លានពានមកលើបូរណភាពទឹកដី​កម្ពុជា ហើយ​យកបន្លាលួសមកព័ទ្ធយកផ្ទះសម្បែង ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។

ទង្វើ​ទាំង​នេះ ប្រៀបដូចជាការឆ្កឹះរបួសចាស់ដែលសះជាយូរឆ្នាំមកហើយនោះ ឱ្យកើតការ​ឈឺចាប់ជាថ្មី។
មិនត្រឹមតែយកបន្លាលួសព័ទ្ធយកផ្ទះសម្បែងតែប៉ុណ្ណោះទេ កងទ័ពថៃ បន្តប្រើយុទ្ធ​សាស្ត្រជាច្រើនដូចជាការគំរាមកំហែង និងការចាក់សំឡេងរំខានដំណេកពេលរាត្រី​ជា​ដើម បំណងរុញច្រានប្រជាពលរដ្ឋខ្មែរឱ្យចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។

បើទោះបីកងទ័ពថៃ ប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីដាក់សម្ពាធផ្លូវកាយ ផ្លូវចិត្ត និងផ្លូវ​អារម្មណ៍យ៉ាងណាក្តី តែប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តក្រាញ​ននៀល តស៊ូយ៉ាងស្វិតស្វាញបំផុតជម្នះការលំបាកជាគំនាបរបស់កងទ័ពថៃ ដើម្បី​ការ​ពារផ្ទះសម្បែង និងភូមិឋានជាទី​ស្រឡាញ់​របស់ពួក​គាត់ដោយមិនចាកចេញ​ទៅណា​នោះឡើយ។

តាមរយៈដំណើរជីវិតឆ្លងកាត់ឧបសគ្គដ៏ច្រើនក្នុងអតីតកាល និងការធ្វើទុក្ខបុក​ម្នេញ​នា​ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិ​ជោគជ័យ គឺជាសភាវៈតំណាង​ឱ្យ​ភាព​រឹងមាំ តស៊ូ អត់ធ្មត់ដ៏ខ្លាំងក្លាបំផុតមិនចុះញ៉មចំពោះឧបសគ្គ និងការលំបាកទាំង​ឡាយ​នោះ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version