យោធារបស់ប្រទេសម៉ាដាហ្គាស្ការ បានប្រកាសឡើងកាន់អំណាចបន្ទាប់ពីប្រធានាធិបតី អង់ដ្រី រាជូអេលីណា (Andry Rajoelina) ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ និងភៀសខ្លួនចេញពីប្រទេស ក្នុងការតវ៉ារយៈពេលជាច្រើនសប្តាហ៍ ដឹកនាំដោយយុវជនជំនាន់ថ្មី “Gen Z”។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី១៥ខែតុលា។
មេបញ្ជាការកងទ័ព វរសេនីយ៍ឯក Michael Randrianirina បានប្រកាសតាមវិទ្យុជាតិថាយើងបានយកអំណាច ហើយបន្ថែមថាយោធានឹងរំលាយស្ថាប័នរដ្ឋទាំងអស់ លើកលែងតែសភាជាន់ទាប។ ព្រឹទ្ធសភា តុលាការ ធម្មនុញ្ញខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជ្យ តុលាការយុត្តិធម៌ជាន់ខ្ពស់ និងក្រុមប្រឹក្សា សិទ្ធិមនុស្សជាន់ខ្ពស់។
លោក Randrianirina បន្ថែមថា គណៈកម្មាធិការដែលដឹកនាំ ដោយយោធានឹងគ្រប់គ្រងប្រទេសក្នុងរយៈពេល មិនលើសពី ពីរឆ្នាំ ជាមួយនឹង រដ្ឋាភិបាលអន្តរកាលមួយមុនពេលរៀបចំការបោះឆ្នោតថ្មីឡើងវិញ។
ប្រធានាធិបតី រាជូអេលីណា អាយុ 51 ឆ្នាំ ត្រូវបានរាយការណ៍ ថាភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីព្យាយាមរំលាយសភាជាន់ទាប។ ទោះជាយ៉ាងណា សភាបាន បដិសេធនឹងបន្តបោះឆ្នោតដើម្បីចោទប្រកាន់គាត់ បណ្តាលឱ្យ ប្រទេសធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងផ្នែករដ្ឋធម្មនុញ្ញ៕