Breaking៖ អាមេរិក.អង់គ្លេស ដាក់ទណ្ឌកម្មលើបណ្តាញបោកប្រាស់គ្រីបតូធំបំផុត នៅអាស៊ីអាគ្នេយ៍!

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសអនុវត្ត ទណ្ឌកម្មធំជាងគេមិនធ្លាប់មាន ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយ ដែលត្រូវបានគេហៅថា Prince Group មានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកដឹកនាំការបោកប្រាស់វិនិយោគគ្រីបតូ និងជួញដូរមនុស្សទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ប្រភពពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ការចាប់ផ្តើមដំណើរការនេះ គឺជាសកម្មភាពសហប្រតិបត្តិការរវាង ក្រសួងរតនាគារសហរដ្ឋអាមេរិក (US Treasury) និងរដ្ឋាភិបាលចក្រភពអង់គ្លេស ។
ដែលមានគោលបំណងបង្រ្កាបបណ្តាញឧក្រិដ្ឋកម្មប្រើកម្មករ ដែលត្រូវបានជួញដូរ ដើម្បីបោកប្រាស់មនុស្សជុំវិញពិភពលោកឱ្យ វិនិយោគទៅក្នុងគម្រោងគ្រីបតូក្លែងក្លាយ។

ប្រភពដដែលបន្តថា បណ្តាញ Prince Group ត្រូវបានគេចោទថា ជារណសិរ្សឧក្រិដ្ឋកម្មឆ្លងដែន។
ក្រសួងរតនាគារអាមេរិក បាននិយាយថា ការដាក់ទណ្ឌកម្មនេះ មានគោលដៅលើ មនុស្ស 146 នាក់ និងអង្គភាពជាច្រើន ដែលពាក់ព័ន្ធជាមួយ Prince Group ដែលមានមូលដ្ឋាននៅកម្ពុជា។

ក្រសួងបានពណ៌នាបណ្តាញនេះថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការមជ្ឈមណ្ឌលបោកប្រាស់នៅកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសជិតខាង។

រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលចំនួន6 ដែលពាក់ព័ន្ធជាមួយ Prince Group ដោយបានបង្កកទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ចំនួន19 ដែលមានតម្លៃសរុបជាង 100លានផោន (ប្រមាណ 134លានដុល្លារ)។

ក្រសួងយុត្តិធម៌កម្ពុជា និង Prince Group មិនទាន់ឆ្លើយតបទៅនឹងសំណើសុំយោបល់ពីភាគីសារព័ត៌មានឡើយ។
អ្នកវិភាគនយោបាយ បានព្រមានថា ទណ្ឌកម្មថ្មីនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ និងឧស្សាហកម្មបច្ចេកវិទ្យារបស់តំបន់ ប្រសិនបើប្រទេសជិតខាង ចាប់ផ្តើមចូលរួមបង្រ្កាបជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *