(ភ្នំពេញ)៖ នៅថ្ងៃទី១៦ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ដោយលើកឡើងថា ខ្ញុំបានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។
យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ៕